ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា រថភ្លើងល្បឿនលឿនពិសេស ដែលមានបំពាក់ធ្នើរសម្រាប់គេង ដំបូងគេបង្អស់ បានធ្វើដំណើរចេញពីតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) មកដល់ស្ថានីយ៍នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
ក្រុមអ្នកវិភាគបានលើកឡើងថា “ការតភ្ជាប់ផ្លូវដែកថ្មីនេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន វិស័យទេស ចរណ៍ និងវិស័យពាណិជ្ជកម្ម ព្រមទាំងជំរុញការធ្វើសមាហរណកម្មហុងកុងជាមួយតំបន់ចិនដីគោកផងដែរ”។
-->
សេវាកម្មរថភ្លើងថ្មីនេះ បើកដំណើរការរវាងស្ថានីយ៍ West Kowloon របស់ទីក្រុងហុងកុង និងស្ថានីយ៍រថភ្លើង Beijing West រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ពេលវេលា ដែលត្រូវចំណាយក្នុងការធ្វើដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងហុងកុង ត្រូវកាត់បន្ថយពី២៤ម៉ោងកន្លះ មកនៅត្រឹម១២ម៉ោងកន្លះប៉ុណ្ណោះ។
អ្នកដំណើរហុងកុងម្នាក់ ដែលមាននាមត្រកូល Koo បានបង្ហាញក្តីរំភើបចំពោះការធ្វើដំណើរនាលើកនេះ។ អ្នកដំណើររូបនោះបានបញ្ជាក់ថា“រថភ្លើងថ្មីនេះផ្តល់ឱ្យមនុស្សចាស់ នូវជម្រើសដ៏ងាយស្រួល និងមានផាសុកភាពក្នុងការធ្វើដំណើរ ព្រោះការធ្វើដំណើរមានរយៈពេលជាង១២ម៉ោង ប៉ុន្តែនៅក្នុងទូររថភ្លើង មានបំពាក់ធ្នើរសម្រាប់គេង”។
លោក Lam Sai-hung លេខាធិការទទួលបន្ទុកលើការដឹកជញ្ជូន និងភស្តុភារនៃតំបន់រដ្ឋបាលពិសេស ក្រុងហុងកុង ក៏បានជិះនៅលើរថភ្លើងនេះផងដែរ ដើម្បីត្រួតពិនិត្យមើលដំណើរការរបស់រថភ្លើងនាពេលនោះ។
លោក Yiu Pak-leung សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុង បានលើកឡើងថា “រថភ្លើងនេះ នឹងមានភាពទាក់ទាញជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ដែលដើរកំសាន្តជាលក្ខណៈក្រុមគ្រួសារ និងអ្នកដំណើរ ដែលមានវ័យចំណាស់ ដោយផ្តល់នូវផាសុកភាព និងអាចទាក់ទាញ អ្នកមិនចូលចិត្តធ្វើដំណើរនៅលើយន្តហោះ”។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន China State Railway Group បានឱ្យដឹងថា “ចំនួនអ្នកធ្វើដំណើរឆ្លងកាត់ រវាងទីក្រុងហុងកុង និងតំបន់ចិនដីគោក បានកើនឡើង៧៩,៣ភាគរយ ដល់ចំនួន១០,៧៧លាននាក់ គិតចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”៕ប្រភព:The Nation ៕
