ដំណឹងល្អៈរដ្ឋាភិបាលដាក់ចេញយុទ្ឋសាស្រ្តគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ

0
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា បានបង្ហាញពីសញ្ញានៃភាពជោគជ័យ ខណៈដែលបំណុលសាធារណៈរបស់ប្រទេសនេះ បានធ្លាក់ចុះមកត្រឹម១១,០៩ ប៊ីលានដុល្លារអាមេរិកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។ការធ្លាក់ចុះនេះ គឺជាការវិវឌ្ឍជាវិជ្ជមាន បើធៀបនឹង១១,២៤ប៊ីលានដុល្លារអាមេរិក ដែលបានកត់ត្រានៅចុងឆ្នាំ ២០២៣។

យោងតាមស្ថានភាពបំណុល សាធារណៈរបស់កម្ពុជាដែលបានចេញកាលពីថ្ងៃសុក្រ ក្នុងត្រីមាស ទី១នៃឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទាន សម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងចំនួនទឹកប្រាក់សរុបចំនួន១៤០,១៤ លានដុល្លារអាមេរិក។
ប្រាក់កម្ចីដែលបានចុះហត្ថលេខា នៅក្នុងត្រីមាសទី១ ២០២៤ បានថយចុះប្រហែល៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញថវិកាចំនួន១៤១ លានដុល្លារអាមេរិក ពីកម្ចីសម្បទានដែលមានស្រាប់ ប្រើប្រាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់វិស័យអាទិភាពផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) គឺធ្លាក់ចុះ៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបង់ថ្លៃសេវាបំណុលចំនួន ១៨១ លានដុល្លារអាមេរិក គឺកើនឡើង០,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ ២០២៤ រួមទាំងបំណុលចាស់ រដ្ឋាភិបាល មានភាគហ៊ុនបំណុលសាធារណៈសរុបចំនួន ១១,០៩ ប៊ីលានដុល្លារ ដែលក្នុងនោះ១១ ប៊ីលានដុល្លារជាបំណុលសាធារណៈខាងក្រៅ និង៩៨លានដុល្លារជាបំណុលសាធារណៈក្នុងស្រុក។
សមាសភាពនៃភាគហ៊ុនបំណុលសាធារណៈ រួមមានចំនួន៤៦ភាគរយជាដុល្លារអាមេរិក។ ១៩ភាគរយជាអេសដេអ៊ែរ។ ១១ ភាគរយជាយ័នចិន។ ចំនួន១១ភាគរយជាយេនជប៉ុន។ ៧ភាគរយជាអឺរ៉ូ និង៦ ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

សូចនាករបំណុលសំខាន់ៗទាំងអស់ ក្នុងឆ្នាំ២០២៤ គឺស្ថិតនៅក្រោមកម្រិតកំណត់ ដែលតម្លៃបច្ចុប្បន្ននៃបំណុលខាងក្រៅជាសាធារណៈ និងដែលត្រូវបានធានាជាសាធារណៈ ចំពោះផលិតផលក្នុងស្រុកសរុប គឺមានចំនួន ១៩ ភាគរយ បើធៀបនឹងកម្រិត៤០ ភាគរយ។
ទិន្នន័យនេះបានបញ្ជាក់ថា “ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃកូវីដ-១៩ និងកត្តាខាងក្រៅផ្សេងទៀតក៏ដោយ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែ “ចីរភាព“ និង “ហានិភ័យកម្រិតទាប“ នៃវិបត្តិបំណុល“។

របាយការណ៍បានបន្ថែមថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋាភិបាល បានចេញមូលបត្ររបស់រដ្ឋាភិបាល ក្នុងចំនួនទឹកប្រាក់សរុបចំនួន ៤៥លានដុល្លារអាមេរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញប្បទានដល់ការវិនិយោគសាធារណៈ សម្រាប់សេដ្ឋកិច្ច និងផលិតភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here