ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងដាក់ចេញវិធានការរឹតបន្តឹង ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ក្រោយពីពលរដ្ឋរបស់ខ្លួនបានសម្រុកទិញខុនដូនៅប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានជប៉ុន Nikkei asia។
តួយ៉ាង កាលពីត្រីមាសទី១ ឆ្នាំ២០២៤នេះ ពលរដ្ឋមីយ៉ាន់ម៉ា បានជាប់ចំណាត់ថ្នាក់ ជាប្រភពជនបរទេស ដែលទិញខុនដូច្រើនជាងគេទី២ នៅប្រទេសថៃ ដែលមានចំនួនរហូតដល់ចំនួន៣៩២យូនីត ដែលមានទំហំទឹកប្រាក់សរុបជិត៦០លានដុល្លារអាមេរិក។
-->
ពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាស៊ាន និងកំពុងមានសង្គ្រាមស៊ីវិល បានសម្រុកទិញខុនដូក្នុងប្រទេសថៃ ដើម្បីគេចចេញពីអស្ថិរភាពនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន។
តាមរយៈការចាត់ចំណាត់ការបែបនេះ របស់អាជ្ញាធរមីយ៉ាន់ម៉ាចំពោះការទិញខុនដូនៅប្រទេសថៃ នោះ ការណ៍នេះនឹងអាចជះផលប៉ះពាល់ ដល់ទំហំនៃការលក់ខុនដូ នៅប្រទេសថៃនៅត្រីមាសទី២ និងត្រីមាសទី៣ ឆ្នាំ២០២៤។
លោក Prasert Taedullayasatit ប្រធានសមាគមអ្នកអភិវឌ្ឍន៍ខុនដូថៃបានលើកឡើងថា គិតចាប់តាំងពីខែមេសា មកទល់ពេលនេះ មីយ៉ាន់ម៉ា បានដាក់ចេញបទបញ្ជារឹតបន្តឹង រាល់ការផ្ទេរប្រាក់ចេញក្រៅប្រទេស ដែលមានទំហំទឹកប្រាក់ជាង២៧លានដុល្លារ ដែលការណ៍នេះ នាំឱ្យទីផ្សារខុនដូរបស់ប្រទេសថៃមានការថមថយចុះ។
យោងតាមមជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យថៃ(REIC) បានបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ អ្នកទិញខុនដូមកពីប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ៦ ប្រសិនបើគិតអំពីចំនួនខុនដូ ដែលពួកគេបានទិញ។ ប៉ុន្តែពលរដ្ឋមីយ៉ាន់ម៉ា ឈរនៅលេខរៀងទី៣ ប្រសិនបើគិតអំពីតម្លៃខុនដូសរុប។
កាលពីឆ្នាំ២០២២ ពលរដ្ឋមីយ៉ាន់ម៉ា បានទិញខុនដូនៅប្រទេសថៃសរុបចំនួន៣៤៩យូនីត ដែលមានតម្លៃជាង៦៩លានដុល្លារអាមេរិក។ ចំណែកនៅឆ្នាំ២០២៣ ចំនួននៃការទិញបានកើនឡើងដល់៥៦៤យូនីត ដែលមានតម្លៃជាង១០០លានដុល្លារអាមេរិក។
ចំនួនពលរដ្ឋមីយ៉ាន់ម៉ា ដែលបានចូលមកទិញខុនដូ នៅក្នុងប្រទេសថៃ បានកើនឡើងជាលំដាប់ ក្រោយពីមានរដ្ឋប្រហារយោធា និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ៕ប្រភព:Nikkei asia៕