សហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតទី១របស់តំបន់ អាស៊ានទាំងមូល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការនាំចេញទំនិញសរុប របស់បណ្តាប្រទេសសមាគ​មប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការនាំចេញ ទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល៦ត្រីមាសកន្លងមកនេះ។

និន្នាការនេះឆ្លុះបញ្ចាំងឱ្យឃើញ ពីបម្រែបម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងបង្ហាញពីសារៈសំខាន់ កាន់តែខ្លាំងរបស់ទីផ្សារសហរដ្ឋអាមេរិក សម្រាប់បណ្តាប្រទេសសមាជិកអាស៊ាន ស្របពេលមានភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច។

យោងតាមទិន្នន័យ ដែលប្រមូលចងក្រងដោយកាសែត Nikkei Asia ពីលេខាធិការដ្ឋានអាស៊ាន រដ្ឋាភិបាលនៃប្រទេសនីមួយៗ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា ការនាំចេញរបស់តំបន់អាស៊ានទាំងមូល ទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់សរុបចំនួន៦៧,២ពាន់លានដុល្លារ ក្នុងខែមករាដល់ខែមីនា ឆ្នាំ២០២៤។

តួលេខ​ខាងលើនេះ​ បាន​វ៉ាដាច់​ការនាំ​ចេញ​របស់តំបន់អាស៊ានទាំងមូលទៅកាន់ប្រទេសចិន ដែលមានទំហំទឹកប្រាក់ត្រឹមតែ៥៧ពាន់​លាន​ដុល្លារ​​ក្នុង​អំឡុង​ពេល​ដូច​គ្នា។

ក្រុមអ្នកជំនាញបានវាយតម្លៃថា និន្នាការនេះបណ្តាលមកពីការកើនឡើង នៃតម្រូវការរបស់សហរដ្ឋអាមេរិក សម្រាប់គ្រឿងអេឡិចត្រូនិក និងគ្រឿងអគ្គិសនីពីតំបន់អាស៊ាន ដែលការណ៍នេះខុសផ្ទុយស្រឡះទៅនឹងស្ថានភាពសេដ្ឋកិច្ចចិន ដែលកំពុងតែធ្លាក់ចុះ។

ម្យ៉ាងទៀត តំបន់អាស៊ានកំពុងសម្រេច បានកំណើនយ៉ាងឆាប់រហ័សនៃការវិនិយោគពីបរទេស ស្របពេលក្រុមហ៊ុនសហរដ្ឋអាមេរិក និងចិន បានងាកមកបណ្តាក់ទុននៅតំបន់នេះ ដោយសារមើលឃើញពីស្ថិរភាពនយោបាយក្នុងតំបន់ និងការពង្រីកទីផ្សារកាន់តែធំ។

នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២២ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅក្នុងបណ្តាប្រទេសអាស៊ានទាំង១១(រាប់ទាំងទីម័រខាងកើត) បានកើនឡើង៤០% ដោយបានវ៉ាដាច់កំណើននៃការវិនិយោគពីបរទេសនៅក្នុងប្រទេសចិន អាមេរិកឡាទីន និងអាហ្វ្រិក។

នៅខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន  បានបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមរួចមក ក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់លើសក្តានុពល របស់វៀតណាមក្នុងនាមជាដៃគូរបស់អាមេរិក ក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ឧប​ករណ៍ Semiconductor ដែលមានភាពចម្រុះ និងមានភាពធន់។

ក្រុមហ៊ុន Amkor Technology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបើករោងចក្រផលិតឧបករណ៍ semiconductor ក្រោមទុនវិនិយោគ១,៦ពាន់លានដុល្លារ នៅខេត្ត Bac Ninh កាលពីខែតុលា ឆ្នាំ២០២៣។ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានផលិតកម្ម ដ៏ធំបំផុតរបស់ក្រុមហ៊ុន និងបង្កើតការងារប្រហែល១ម៉ឺនកន្លែង។

ម្យ៉ាងវិញទៀត នៅខែកក្កដា ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន Zhejiang Geely Holding Group គ្រោងបោះទុនវិនិយោគ១០ពាន់ លានដុល្លារនៅរដ្ឋ Perak ដើម្បីបង្កើតមូលដ្ឋានផលិតកម្មរថយន្ត ហើយគម្រោង​បង្កើតរោងចក្រផលិត​រថ​យន្ត​អគ្គិសនី ​នៅ​ប្រទេស​ថៃ​ ក៏​កំពុង​ត្រូវ​បាន​ពិចារ​ណា​ផង​ដែរ​៕ប្រភព: Nikkei asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here