អាជ្ញាធរហ្វីលីពីនចុះបង្ក្រាបក្រុមហ៊ុនល្បែងស៊ីសងជនជាតិចិន ដែលកំពុងរកស៊ីខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

ម៉ានីល: អាជ្ញាធរហ្វីលីពីនបានបើកការបង្រ្កាប ទៅលើប្រតិបត្តិករល្បែងស៊ីសងខុសច្បាប់ ដែលភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនចិន និងហាមឃាត់សកម្មភាពទាំងនេះជាបន្ទាន់ ក្រោយពីមានការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះ បានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន។

យោងតាមប្រធានអាជ្ញាធរនិយតករ ល្បែងស៊ីសងរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនល្បែងស៊ីសងបរទេសប្រមាណ២៥០ក្រុមហ៊ុន ទៅ៣០០ក្រុមហ៊ុន កំពុងបើកដំណើរការនៅក្នុងប្រទេសហ្វីលីពីន ដោយគ្មានអាជ្ញាប័ណ្ណ”។

លោក Alejandro Tengco ប្រធានសាជីវកម្មកម្សាន្ត និងល្បែងហ្វីលីពីន បានថ្លែងប្រាប់សារពត៌មាន Reuters  ថា “ យើងបានសហការរួមគ្នាជាមួយប៉ូលីស ដើម្បីចុះវែកមុខប្រតិបត្តិករខុសច្បាប់ទាំងនេះ ដើម្បីធ្វើការវាយឆ្មក់ និងបិទអាជីវកម្ម”។

លោក Tengco បានបញ្ជាក់បន្ថែមថា “អាជ្ញាធរនិយតករនឹងគោរពតាមការសម្រេចចិត្តចុងក្រោយ របស់រដ្ឋាភិបាលលើចំណាត់ការ ចំពោះក្រុមហ៊ុនល្បែងស៊ីសងបរទេស (POGOs) ដែលអាចរួមបញ្ចូលការហាមឃាត់ឧស្សាហកម្មទាំងមូល”។

ឧស្សាហកម្មហ្គេមអនឡាញ នៅក្នុងប្រទេសហ្វីលីពីនបានលេចឡើងក្នុងឆ្នាំ២០១៦។ ឧស្សាហកម្មនេះ បានស្គាល់នូវការរីកចម្រើនយ៉ាងខ្លាំង ក្រោយពីរដ្ឋាភិបាលបានអនុម័តច្បាប់ អនុញ្ញាតឱ្យមានការប្រកបអាជីវកម្មល្បែងស៊ីសងដោយសេរី ដើម្បីទាក់ទាញគោលដៅអតិថិជនមកពីប្រទេសចិន។

ការបង្រ្កាបនេះត្រូវបានធ្វើឡើង ក្រោយពីមានការចោទប្រកាន់ថា ក្រុមហ៊ុនល្បែងស៊ីសងបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម ដូចជាការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងសកម្មភាពក្លែងបន្លំ ដូចជាកាតឥណទាន ការវិនិយោគគ្រីបតូ និងការបោកប្រាស់ស្នេហា។ ឧក្រិដ្ឋជនបានបង្កើត អត្តសញ្ញាណក្លែងក្លាយតាមអ៊ីនធឺណេតដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះ ឱ្យផ្តល់ប្រាក់ដល់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កាលពីខែមីនា ក្រុមអ្នកអនុវត្តន៍ច្បាប់ បានឆ្មក់ចូលទីតាំងល្បែងស៊ីសង របស់ក្រុមហ៊ុនបរទេស ក្នុងខេត្ត Pampanga ដែលនាំទៅដល់ការជួយសង្គ្រោះកម្មករជាង៦០០នាក់ ដែលរួមមានទាំងជនជាតិហ្វីលីពីន និងជនជាតិចិនផងដែរ៕ប្រភព: Reuter៕

LEAVE A REPLY

Please enter your comment!
Please enter your name here