មហាសេដ្ឋីនៅសិង្ហបុរីសម្រុកលក់អចលនទ្រព្យ និងភូមិគ្រឹះចេញ ស្របពេលវិបត្តិបន្តអូសបន្លាយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីមួយរូប ដែលជាម្ចាស់ហាងលក់រាយដ៏ល្បីល្បាញមួយ នៅប្រទេសសិង្ហបុរី បានប្រកាសដាក់លក់វិមានដ៏ធំមួយរបស់ខ្លួន ក្នុងតម្លៃ៦២លានដុល្លារ ស្របពេលដែលមានការកើនឡើងនៃប្រតិបត្តិការទិញ -លក់អចលនទ្រព្យប្រណីត ក្នុងប្រទេសកោះមួយនេះ។

ក្រុមហ៊ុន​ប្រឹក្សាអចលនទ្រព្យ Knight Frank បានដាក់បញ្ចូលវិមាននេះ ទៅក្នុងបញ្ជីសម្រាប់​ដាក់លក់​ កាល​ពី​សប្តាហ៍មុន។ វិមាននេះ មានទីតាំងនៅក្នុងគម្រោង Victoria Park ដែលជាតំបន់រស់នៅរបស់ក្រុមអ្នកមាន និងមានទីតាំងនៅជិតសួន Botanic Gardens ហើយមានកន្លែងចតឡាន បន្ទប់ទឹកចំនួន៨ និងអាងហែលទឹកដ៏ធំចំនួន១។

វិមាននេះជាកម្មសិទ្ធិរបស់លោក Tang Wee Kit ។នេះបើយោងតាមឯកសារ ដែលដកស្រង់ដោយសារពត៌មាន Bloomberg News ។ មហាសេដ្ឋី​ ដែលមានដើមកំណើតមកពីប្រទេស​ចិន​រូបនេះ បាន​បង្កើត​ហាង​លក់ទំនិញ​ដ៏​ល្បី​មួយ ​នៅ​ប្រទេស​សិង្ហបុរី​ ដែលដាក់ឈ្មោះឈ្មោះថា “Orchard Road” ហើយហាងនេះនៅ​តែ​បន្តបើកដំណើរការ​រហូតដល់សព្វថ្ងៃ។

យោងតាមឯកសារអាជីវកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះ លោក Tang Wee Kit  គឺជានាយកគ្រប់គ្រងក្រុមហ៊ុន Tang Holdings Pte ដែលជាក្រុមហ៊ុនវិនិយោគ លើអចលនទ្រព្យនៅប្រទេសសិង្ហបុរី និងជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុន C.K.  Tang Ltd. ដែលគ្រប់គ្រងហាងលក់រាយជាច្រើននៅសិង្ហបុរី។

ការប្រកាសដាក់លក់វិមាន ឬភូមិគ្រឹះថ្លៃៗនៅប្រទេសសិង្ហបុរី បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីមានវិបត្តិ ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់ និងការស៊ើបអង្កេតលើការលាងលុយកខ្វក់។

ផ្ទុយទៅវិញ អតិថិជនថ្មីៗ ដែលបានទិញយកភូមិគ្រឹះទាំងនោះ រួមមាន ភរិយារបស់លោកមហាសេដ្ឋី Forrest Li ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Sea Ltd.  និងជាអ្នកស្នងមរតករបស់មហាសេដ្ឋីចិនលោក Xiang Guangda និងជាអ្នកជំនួញផ្នែកធនាគារដ៏ធំបំផុតនៅប្រទេសសិង្ហបុរី៕ប្រភព:Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here