ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពចលាចលផ្នែកនយោបាយ នៅក្នុងប្រទេសបារាំង បាននាំឱ្យប្រទេសនេះ បាត់បង់តំណែងរបស់ខ្លួន ក្នុងនាមជាទីផ្សារភាគហ៊ុនដ៏ធំបំផុតរបស់តំបន់អឺរ៉ុប បន្ទាប់ពីបារាំងបានដណ្តើមយកតំណែងនេះ ពីអង់គ្លេសកាលពីជិត២ឆ្នាំមុន។
ក្រោយពីមានសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron អំពីការរំលាយសភា មូលធនប័ត្រទីផ្សារ នៃបណ្តាក្រុមហ៊ុនបារាំង បានជួបប្រទះការខាតបង់ក្នុងទំហំទឹកប្រាក់ ប្រមាណ២៥៨ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។
-->
តម្លៃភាគហ៊ុនរបស់បណ្តាធនាគារធំៗដូចជា ធនាគារ Societe Generale SA ធនាគារ BNP Paribas SA និងធនាគារ Credit Agricole សុទ្ធតែបានដាំក្បាលចុះអស់ជាង១០ភាគរយដូចៗគ្នា។
ទីផ្សារភាគហ៊ុននៅក្នុងប្រទេសបារាំងនាពេលនេះ មានតម្លៃទឹកប្រាក់សរុបប្រហែល៣,១៣ទ្រីលានដុល្លារ បើធៀបនឹងទីផ្សារភាគហ៊ុននៅចក្រភពអង់គ្លេស ដែលមានតម្លៃទឹកប្រាក់សរុបចំនួន៣,១៨ទ្រីលានដុល្លារ។ នេះបើយោងតាមទិន្នន័យឯកសារ ដែលប្រមូលចងក្រងដោយសារ ពត៌មានBloomberg ។
លោក Alberto Tocchio អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុន Kairos Partners បានលើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលមិនមានភាពប្រាកដប្រជា ក្នុងរយៈពេលពី៣សប្តាហ៍ទៅ៤សប្តាហ៍ ហើយទីផ្សារភាគហ៊ុនបារាំងនឹងកាន់តែគ្មានស្ថិរភាព”។
លោក Ulrich Urbahn ប្រធានផ្នែកយុទ្ធសាស្រ្ត និងស្រាវជ្រាវទ្រព្យសកម្មនៅក្រុមហ៊ុន Berenberg បានលើកឡើងថា “មូលហេតុ ដែលយើងជ្រើសរើសភាគហ៊ុន របស់ប្រទេសអង់គ្លេសគឺតម្លៃ។លើសពីនេះ ភាពមិនច្បាស់លាស់ខាងនយោបាយ នៅបារាំងហាក់មានកម្រិតខ្ពស់ជាង នៅបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត”។
ប្រសិនបើគិតតាមមាត្រដ្ឋានខ្នាតសកល នាពេលនេះ ចក្រភពអង់គ្លេស បានជាប់ចំណាត់ថ្នាក់ជាទីផ្សារហ៊ុនធំជាងគេទី៦ នៅលើពិភពលោក។ ផ្ទុយទៅវិញ សម្រាប់បរិបទនៅប្រទេសបារាំង ក្រុមអ្នកយុទ្ធសាស្រ្តទីផ្សារ ហាក់មិនជឿជាក់ទៅលើការប្រមូលមូលធនត្រឡប់មកវិញនៅឡើយនោះទេ ដោយសារតែអ្នកវិនិយោគមើលឃើញពីភាពមិនច្បាស់លាស់ ទាក់ទិននឹងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយ៕ប្រភព:Bloomberg៕