ដោយ: គង់ លាងហួរ
សេអ៊ូល: បណ្តាក្រុមហ៊ុនកូរ៉េ ហាក់មិនអាចទទួលបានអត្ថប្រ យោជន៍ពីគម្រោងទីក្រុងNEOM របស់អារ៉ាប៊ីសាអូឌីតនោះទេ ដោយសារប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងកាត់បន្ថយទំហំគម្រោងអភិវឌ្ឍន៍ទីក្រុង ស្របពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមក្រុមមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង។
កាលពីដំបូងឡើយ បណ្តាក្រុមហ៊ុនសំណង់ធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកួតប្រជែងគ្នា ដើម្បីឈ្នះកិច្ចសន្យាទ្រង់ទ្រាយធំសម្រាប់សាងសង់គម្រោងនេះ ស្របពេលទីផ្សារលំនៅដ្ឋានក្នុងស្រុកដាំក្បាលចុះនាពេលថ្មីៗនេះ។
-->
ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud រាជទាយាទអារ៉ាប៊ីសាអូឌីត បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ២០២២ ។ កាលនោះបណ្តាក្រុមហ៊ុនសំណង់ ឈានមុខគេរបស់ប្រទេសកូរ៉េបានស្កាត់ មកជួបពិភាក្សាជាមួយព្រះអង្គផ្ទាល់ ដើម្បីស្វែងរកឱកាសចូលរួមនៅក្នុងគម្រោងទីក្រុងNeom។
ចំណែក នៅឆ្នាំ២០២៣ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានដឹកនាំគណៈប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ អញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុង Riyadh ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកូរ៉េ ក្នុងការសាងសង់ទីក្រុងឆ្លាតវៃ។
កាលពី២ឆ្នាំមុន ក្រុមហ៊ុនសំណង់ Samsung C&T និងក្រុមហ៊ុន Hyundai E&C បានទទួលកិច្ចសន្យាសាងសង់ផ្លូវរូងក្រោមដីនៅក្នុងទីក្រុងបញ្ឈរ The Line។ ប៉ុន្តែចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអូឌីត មិនបានផ្តល់កិច្ចសន្យា ដល់ក្រុមហ៊ុនសំណង់កូរ៉េផ្សេងៗទៀតនោះទេ។
កាលពីខែមេសាកន្លងទៅ សារព័ត៌មានបរទេសមួយចំនួនក៏បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់បន្ថយគម្រោងទីក្រុង The Line មកត្រឹម២,៥គីឡូម៉ែត្រ បើធៀបនឹងផែនការដើមដំបូងចំនួន១៧០គីឡូម៉ែត្រ ទោះបីជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានបដិសេធព័ត៌មាននេះយ៉ាងណាក្តី។
កាលពីខែមុន គម្រោងសាងសង់រោងចក្រចម្រោះទឹកស្អាត ដែលមានតម្លៃ១,៥ពាន់លានដុល្លារ នៅទីក្រុងឧស្សាហកម្ម Oxagon ត្រូវបានលុបចោល ដោយរារាំងការចូលរួមពីក្រុមហ៊ុន Enowa របស់អារ៉ាប៊ីសាអូឌីត ក្រុមហ៊ុនជប៉ុន Itochu និងក្រុមហ៊ុន Veolia របស់បារាំង។
លោក Park Hyung-jin អ្នកស្រាវជ្រាវនៅសមាគមអ្នកម៉ៅការអន្តរជាតិ នៃប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា “គម្រោងទីក្រុង NEOM មានការប្រកួតប្រជែងខ្លាំង ហើយទំហំថ្លៃចំណាយអាចមានកម្រិតលើសពី៥០០ពាន់លានដុល្លារ ដោយសារកត្តាខាងក្នុង និងកត្ដាខាងក្រៅ”។
លោកបន្ថែមថា “វិបត្តិនៅច្រកសមុទ្រក្រហម បានពន្យារពេលលើការដឹកជញ្ជូន និងបង្កើនថ្លៃដឹកជញ្ជូន ដែលការណ៍នេះជះឥទ្ធិពលអវិជ្ជមានដល់គម្រោងធំៗ របស់ប្រទេសអារ៉ាប៊ីសាអូឌីត”៕ប្រភព:Korea Times៕