កម្ពុជា-សិង្ហបុរី បានលើកអំពី ការបន្តកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្លែងការគួរសម និងភិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមប្រភពព័ត៌មានពីគេហទំព័រវេបសាយ phnom penh airport បានឱ្យដឹងថា ការហោះហើរពីភ្នំពេញ ទៅសិង្ហបុរី មានពី៣ទៅ៥ជើងក្នុងមួយថ្ងៃៗ។
-->
នៅក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ ចំនួន៤ទៀត រួមមាន៖
១. ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត
២. កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ
៣. ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត
និង ៤. កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។
ឆ្លៀតនាឱកាសនៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមកផងដែរ៕
