គម្រោងផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រក្នុងខេត្តក្វាងទុង ប្រទេសចិន គ្រោងបើកដំណើរការឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវតំណភ្ជាប់ថ្មីរវាងទីក្រុងសេដ្ឋកិច្ច Shenzhen និងទីក្រុង Zhongshan ក្នុងខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការនៅដំណាច់ខែមិថុនានេះ។

យោងតាមក្រុមហ៊ុនដឹកជញ្ជូន Guangdong Transportation Group បានបញ្ជាក់ឱ្យដឹងថា “នៅពេលបើកដាក់ឱ្យប្រើប្រាស់ ផ្លូវតំណភ្ជាប់នេះ នឹងកាត់បន្ថយការធ្វើដំណើររវាងទីក្រុង Shenzhen និងទីក្រុង Zhongshan មកនៅត្រឹម១ម៉ោងនិង៣០នាទីប៉ុណ្ណោះ”។

បណ្តាញផ្លូវដឹកជញ្ជូនមួយនេះ រួមមាន ផ្លូវរូងក្រោមទឹកសមុទ្រចំនួន១ខ្សែ ស្ពានចំនួន២ខ្សែ និងកោះសិប្បនិម្មិតចំនួន២ ដែលធ្វើឱ្យបណ្តាញនេះក្លាយទៅជាគម្រោងផ្លូវធ្វើដំណើរឆ្លងសមុទ្រ ដែលប្រឈមការលំបាកបំផុតក្នុងការស្ថាបនា។

គម្រោងនេះគឺគម្រោងដឹកជញ្ជូនស្នូលនៅក្នុងតំបន់Greater Bay Area ដែលគ្របដណ្តប់លើខេត្ត និងទីក្រុងធំៗចំនួន៣ រួមមានខេត្តក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។

បណ្ដាញផ្លូវតភ្ជាប់ថ្មីនេះមានចម្ងាយប្រហែល២៤គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហ័ស្សនាមថាជា “ឆ្អឹងខ្នងនៃការដឹកជញ្ជូន”ក្នុងប្រទេសចិន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់មជ្ឈមណ្ឌលទីក្រុងចំនួន២ ស្ថិតនៅសងខាងនៃមាត់ទន្លេគុជ (Pearl River)។

បណ្តាញតភ្ជាប់ Shenzhen-Zhongshan គឺជាផ្នែកមួយដ៏សំខាន់នៃបណ្តាញសាងសង់ផ្លូវល្បឿនលឿនថ្នាក់ជាតិ (G2518)។ គម្រោងនេះនឹងតភ្ជាប់សរសៃឈាមនៃការដឹកជញ្ជូនសំខាន់ៗ ដូចជា ស្ពាន Humen និងស្ពាន Hong Kong-Zhuhai-Macao។

ផ្លូវតំណភ្ជាប់ថ្មីនេះ រួមជាមួយនឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ ដូចជាស្ពាន Hong Kong-Zhuhai-Macao នឹងបង្កើតបានជាបណ្តាញផ្លូវឆ្លងកាត់សមុទ្រ និងបណ្តាញឆ្លងកាត់ទន្លេនៅក្នុងតំបន់ Greater Bay Area ដោយជំរុញការតភ្ជាប់ទីក្រុងសេដ្ឋកិច្ចធំៗ៕ប្រភព:CGTN៕

LEAVE A REPLY

Please enter your comment!
Please enter your name here