ដោយ: គង់ លាងហួរ
ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែលមានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនានេះថា រោងចក្រនេះ បានដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរី មកម្ពុជាដោយសម្លឹងឃើញសក្ដានុពល ការគាំទ្រថាមពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើតឡើងវិញច្រើនលើសលប់ ដែលមានភាពការទាក់ទាញ។
-->
លោក កែវ រតនៈ បញ្ជាក់ថា ថាមពលកកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងក្រដំណើរការនៅកម្ពុជា។
សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១១ វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្នក្រុមហ៊ុន Minebea កំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់៕