ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសម៉ាឡេសុីបានសម្រេចចិត្តដាក់ពាក្យស្នើសុំចូលរួមជាសមាជិកក្រុមប្រទេស BRICS ហើយយើងនឹងចាប់ផ្តើមដំណើរការបំពេញបែបបទលើពាក្យសុំចូលជាសមាជិកក្នុងពេលឆាប់ៗនេះ។
យោងតាមបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក Anwar Ibrahim បានគូសបញ្ជាក់ថា “ យើងរៀបចំគោលនយោបាយរបស់យើងបានច្បាស់លាស់ ហើយយើងបានធ្វើការសម្រេចចិត្ត។ យើងនឹងចាប់ផ្តើមដំណើរការស្នើសុំចូលជាសមាជិកផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈយើងក៏កំពុងរង់ចាំផងដែរនូវលទ្ធផលចុងក្រោយ និងការឆ្លើយតបពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង”។លោក Anwar បានអះអាងទៀតថា “ទីក្រុងគូឡាឡាំពួមានអារម្មណ៍ធូរស្បើយក្នុងចិត្ត ដែលមើលឃើញពិភពលោកលែងមានតំបន់ប៉ូលតែមួយទៀតហើយ ស្របពេលដែលមានការកើនឡើងនៃឥទ្ធិពលរបស់ក្រុមប្រទេស BRICS”។
លោក Anwar បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចមានបំណងគ្រប់គ្រងការសន្ទនានៅលើពិភពលោក។ប៉ុន្តែ ម៉ាឡេស៊ីមិនអាចបន្តទទួលយកបាននោះទេ ខណៈក្រុមប្រទេសខាងលិចពុំមែនជាមហាអំណាចអាណានិគមទៀតឡើយ។ ហេតុនេះ បណ្តាប្រទេសដែលមានឯករាជ្យភាពគួរតែមានសេរីភាពក្នុងការបញ្ចេញមតិ។