ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកមហាសេដ្ឋី Ray Dalio ស្ថាបនិកក្រុមហ៊ុនយក្ស Bridgewater Associates បានព្រមានថា សហរដ្ឋអាមេរិក និងចិននឹងបន្តគាបសង្កត់់លើបន្ទាត់ក្រហមរបស់គ្នាទៅវិញទៅមក ស្របពេលដែលការបោះឆ្នោតនៅសហរដ្ឋអាមេរិកខិតជិតមកដល់។
លោក Dalio បានលើកឡើងថា ប្រទេសមហាអំណាចទាំង២កំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាមសេដ្ឋកិច្ច ឬយោធា ហើយការប្រជែងគ្នានេះអាចបង្កហានិភ័យធំសម្រាប់អ្នកវិនិយោគនៅទូទាំងពិភពលោក។
លោកបានបន្តថា “ប្រទេសទាំងពីរ និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពដ៏មានហានិភ័យ ស្របពេលបន្ទុកបំណុល បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុមានការកើនឡើង។ ហេតុនេះ ការធ្វើពិពិធកម្មលើការវិនិយោគនៅក្នុងប្រភេទទ្រព្យសកម្មផ្សេងៗគ្នា និងប្រទេសផ្សេងៗគ្នា មានសារៈសំខាន់ជាងពេលណាៗទាំងអស់”។
-->
ទន្ទឹមនឹងនេះ អតុល្យភាពនៅក្នុងសេដ្ឋកិច្ចចិន ដោយសារជំងឺរាតត្បាត បំណុលរដ្ឋបាលក្នុងតំបន់មូលដ្ឋាន និងការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យអ្នកវិនិយោគបរទេស និងអ្នកវិនិយោគក្នុងស្រុក មានការរំជើបរំជួល ដោយនាំឱ្យមានការសម្រុកលក់ភាគហ៊ុនចេញយ៉ាងគំហុក។
លោកបានបន្ថែមថា “វិនិយោគិនអន្តរជាតិ ជាពិសេសអ្នកវិនិយោគនៅសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតចេញពីចំណាត់ការរបស់រដ្ឋាភិបាលអាមេរិក ដោយសារតែគោលនយោបាយប្រឆាំងនឹងប្រទេសចិនត្រូវបានប្រើប្រាស់ ដើម្បីទាក់ទាញសំឡេងគាំទ្រក្នុងការបោះឆ្នោត”។
លោកមហាសេដ្ឋី Ray Dalio ដែលជាវិនិយោគិនលំដាប់កំពូលមួយរូបនៅលើពិភពលោក បានលើកឡើងទៀតថា “តាមគំនិតរបស់ខ្ញុំ យើងមិនគួរបោះទុនវិនិយោគទៅលើប្រភេទទ្រព្យសកម្មតែមួយ ឬប្រទេសណាមួយលើសពី១០ភាគរយនៃផលប័ត្រសរុបរបស់យើងនោះទេ”៕ប្រភព: Yahoo Finance &SCMP៕