ដោយ: គង់ លាងហួរ
ហុងកុង: តម្លៃជួលអគារការិយាល័យខ្ពស់ៗកប់ពពករបស់មហាសេដ្ឋីរបស់ហុងកុងបានដាំក្បាលចុះអស់មួយភាគបី ស្របពេលដែលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មស្ថិតក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ។
យោងតាមក្រុមហ៊ុន Centaline Property Agency Ltd. បានឱ្យដឹងថា ថ្លៃជួលអគារការិយាល័យ Cheung Kong Center របស់លោកកំពូលមហាសេដ្ឋី Li Ka-shing បានដាំក្បាលចុះខ្លាំងជាងគេបង្អស់ ក្នុងចំណោមអគារការិយាល័យធំៗនៅក្នុងទីក្រុងហុងកុង។ថ្លៃជួលអគារការិយាល័យមួយនេះបានធ្លាក់ចុះ៣៣% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
ការធ្លាក់ចុះបណ្តាលមកពីបញ្ហា-វិបត្តិនៅក្នុងទីផ្សារពាណិជ្ជកម្មរបស់ទីក្រុងហុងកុង។ កំណើនសេដ្ឋកិច្ចធ្លាក់ចុះ គួបផ្សំនឹងការដកខ្លួនចេញរបស់ក្រុមហ៊ុនពហុជាតិ បានធ្វើឱ្យវិស័យនេះជួបវិបត្តិធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។យោងតាមរបាយការណ៍ពីក្រុមហ៊ុនក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Group Inc បានបញ្ជាក់ឱ្យដឹងថា អត្រាការិយាល័យដែលគេទំនេរចោលនៅទីក្រុងហុងកុងបានស្ថិតក្នុងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រក្នុងរង្វង់១៦,៧% នៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ។