ដោយ: គង់ លាងហួរ
តៃបុិ: អគារ Taipei 101 គឺជាអគារលំដាប់ខ្ពស់កប់ពពកក្នុងយុគសម័យ ទំនើបមួយ ដែលស្ថិតនៅក្នុងទីក្រុង Taipei នៃកោះតៃវ៉ាន់ ហើយអគារនេះក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកផងដែរ។
អាគារ Taipei 101 មានកម្ពស់សរុបប្រមាណ៥០៨ម៉ែត្រ ហើយត្រូវបានគេចាត់ចំណាត់ថ្នាក់ជាលំដាប់អាគារខ្ពស់ បំផុតនៅក្នុងពិភពលោក ដោយគិតត្រឹមពេលចាប់ផ្តើមដាក់ឱ្យដំណើរការដំបូងក្នុងឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៩ មុនពេល ដែលអគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងបានដណ្តើមតំណែងជាអគារខ្ពស់បំផុតរបស់ពិភពលោកនៅឆ្នាំ២០១០។
ការស្ថាបនាអគារ Taipei 101 បានចាប់ផ្តើមនៅឆ្នាំ១៩៩៩ បន្ទាប់ពីការធ្វើផែនការរយៈពេល២ឆ្នាំ។ ពិធីបើកការ ដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៩ ហើយអគារនេះត្រូវបានបើកជាសាធារណៈនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៤។ ការដ្ឋានត្រូវបានពន្យារពេលដោយសារមានគ្រោះ ធម្មជាតិរញ្ជួយដីក្នុងឆ្នាំ២០០២។
-->
ស្ថាបត្យករដ៏ល្បីល្បាញដែលបានចូលរួមក្នុងការរចនាអគារ Taipei 101 នេះគឺលោក C.Y. Lee ដែលជាជនជាតិចិន។លោកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យ Princeton នៅរដ្ឋ New Jersey លើទឹកដីសហរដ្ឋអាមេរិក។
អ្វីដែលជាលក្ខណៈពិសេស និងជាបច្ចេកវិទ្យាដ៏អស្ចារ្យ របស់អគារ Taipei 101 គឺស្ថិតនៅត្រង់ថា សមត្ថភាពល្បឿននៃ ប្រអប់ជណ្តើរយន្ត ដែលអាចដឹកជញ្ជូនអ្នកដំណើរពីជាន់ទី៥ទៅកាន់ជាន់ទី៨៩ នៅក្នុងរយៈពេលត្រឹមតែ៣៧វិនាទីប៉ុណ្ណោះ ហើយអគារនេះក៏ត្រូវបានសាងសង់ និងរៀបចំឡើងស្របតាមស្តង់ដារបច្ចេកទេសយ៉ាងទំនើបបំផុត ដោយមានភាពធន់ខ្លាំងទៅនឹងអគ្គីភ័យឆាបឆេះ គ្រោះរញ្ជួយដី និងខ្យល់ព្យុះដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផងដែរ។។
ការពិតនៃអាគារ Taipei 101 អាចធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ដែលមានក្លឹបវីអាយភី “អាថ៌កំបាំង” ដែលត្រូវបានគេ អះអាងថា មានទីតាំងនៅជាន់ទី១០១ នៃអគារនេះ។ អគារ Taipei 101 ត្រូវបានគេចាត់ទុកថា ជាអគារខ្ពស់កប់ពពក ដែលមានការរចនាច្នៃប្រឌិតខ្ពស់ និងសន្សំសំចៃថាមពល។
តួយ៉ាង សូម្បីតែការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកលកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ក៏មានលក្ខណៈបែបធម្មជាតិផងដែរ។ អគារ Taipei 101 ពោរពេញទៅដោយនិមិត្តសញ្ញា និងប្រពៃណីដ៏ល្បីល្បាញរបស់ទីក្រុងតៃប៉ិ ដែលជាវិមានផុសត្រដែតឈរឡើងតាមបែបប្រពៃណីហុងស៊ុយបុរាណ លាយឡំជាមួយនឹងស្ថាបត្យកម្មទំនើប។
អាគារ Taipei 101 មានកម្ពស់ចំនួន១០១ជាន់ ដោយមានជាន់ស្ថិតនៅក្រោមដី និងមានកន្លែង ដែលភ្ញៀវ ទេសចរណ៍អាចឈរមកខាងក្រៅដើម្បីស្រូបខ្យល់អាកាសបានគឺស្ថិតនៅជាន់ទី៩១។ រីឯ ការសាងសង់បានចំណាយទុនវិនិយោគអស់១,៨ពាន់លានដុល្លារអាមេរិក។
លើសពីនេះ សូម្បីតែអគារផ្សេងៗ និងរូបចម្លាក់នៅក្នុងឧទ្យាន ដែលស្ថិតនៅជុំវិញអគារ Taipei 101 ក៏ត្រូវបានរចនាឡើង ដោយគិតគូរយ៉ាងហ្មត់ចត់ដល់ហុងស៊ុយរបស់អគារ Taipei 101 នេះផងដែរ។ ឧទ្យាននៅទីនោះមានរាងមូល ដែលត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យអគារ Taipei 101 នេះមើលទៅប្រៀបដូចជាអគារដ៏ធំសម្បើម។
អគារ Taipei 101 នេះមានបង្កប់អត្ថន័យ និងតំណាងឱ្យឫស្សីមួយដើមដែលលូតឡើងដល់លើមេឃ ដើម្បីតភ្ជាប់មេឃ និងភពផែនដី។ ជាមួយគ្នានេះ ដោយសារតែលេខ៤ ត្រូវបានគេចាត់ទុកថា ជាលេខនាំសំណាងមិនល្អនៅក្នុងអបិយជំនឿ ដូច្នេះការបង់លេខបន្ទប់លេខ៤៤ ក៏ត្រូវបានគេរំលងចោលផងដែរ។
ចំណែក អត្រាតម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅអគារ Taipei 101 សម្រាប់ភ្ញៀវដែលបានចូលជាសមាជិក មានតម្លៃប្រហែល៦៣,៩១ដុល្លារក្នុងមួយយប់ បើធៀបនឹងអត្រាតម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅទូទាំងទីក្រុងតៃបុិចំនួន៨៦,៣៣ដុល្លារ៕ប្រភព: Agoda &Wikipedia៕