សិង្ហបុរីជាប់ឈ្មោះជាប្រទេសសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំងជាងគេលេខ១នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី របស់វិទ្យាស្ថានធុរកិច្ច IMD បានឱ្យដឹងថា សិង្ហបុរីបានដណ្តើមតំណែងជាប្រទេស ដែលមានសេដ្ឋកិច្ចប្រកួតប្រជែងដាច់គេ នៅលើពិភពលោកត្រឡប់មកវិញនៅឆ្នាំ២០២៤នេះ បន្ទាប់ពីបានបាត់បង់កាលពី៣ឆ្នាំមុន។

សិង្ហបុរីបានវ៉ាដាច់ប្រទេសដាណឺម៉ាក និងប្រទេសស្វីស ហើយបានឈរនៅលំដាប់កំពូលទី១ ដោយសារតែសេដ្ឋកិច្ចសិង្ហបុរីមានដំណើរការល្អប្រសើរ បូករួមទាំងប្រសិទ្ធភាពរដ្ឋាភិបាល ប្រសិទ្ធភាពអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន IMDដដែល។

-->

រីឯ ប្រទេសស្វីសបានឈានឡើង មកដល់ចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ២០២៤នេះ ដែលត្រូវបានជំរុញដោយសារ ការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធភាពអាជីវកម្ម រួមជាមួយនឹងប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះដែរ ប្រទេសដាណឺម៉ាក ដែលកាលពីមុនធ្លាប់ជាប្រទេស ដែលជាប់ចំណាត់ថ្នាក់កំពូលទី១ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣វិញ នៅឆ្នាំនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល។Singapore is world's most competitive economy: World Economic Forum | The  Straits Timesយោងតាមសារពត៌មាន ​​The Edge Singapore បានចុះផ្សាយថា ប្រសិនបើធៀបនឹងដៃគូប្រជែងរបស់ខ្លួន ប្រទេសសិង្ហបុរីមានភាពលេចធ្លោដាច់គេ លើផ្នែកប្រសិទ្ធភាពអាជីវកម្ម ដោយសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១ លើសន្ទស្សន៍សម្រាប់ទីផ្សារការងារ អាកប្បកិរិយា និងតម្លៃ”។

លើសពីនេះ សិង្ហបុរីបានខិតខំបញ្ចេញ សក្តានុពលរបស់ខ្លួនលើការគ្រប់គ្រងដ៏រឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា។ យ៉ាង​ណា​មិញ ប្រទេស​សិង្ហបុរីកំពុងប្រឈម​មុខ ​នឹង​ការ​ប្រកួត​ប្រជែង​ផ្នែកតម្លៃ កត្តា​សុខភាព និង​បរិស្ថាន និង​ក្របខ័ណ្ឌ​សង្គម។

លោក Jamus Lim សាស្ត្រាចារ្យរងមកពីសាលាធុរកិច្ច Essec បានថ្លែងប្រាប់កាសែត The Straits Times ថា “កំណើននៃថ្លៃចំណាយលើការរស់នៅ បានក្លាយជាបញ្ហាប្រឈមចម្បង សម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយ។ បញ្ហានេះមិនត្រឹមតែជះផលប៉ះពាល់ លើការប្រកួតប្រជែងរបស់សិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះផលប៉ះពាល់លើទំនុកចិត្តរបស់ប្រជាជនផងដែរ”។

លោកបានបន្ថែមថា “កំណើនប្រាក់បៀវត្សរ៍សឹងតែពុំអាចទូទាត់នឹងការកើនឡើងនៃអត្រាអតិផរណា ហើយប្រសិនបើមានអ្វីកើតឡើងមែននោះ ខ្ញុំសូមស្នើឱ្យមានការដំឡើង ប្រាក់ឈ្នួលបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីជំរុញអំណាចនៃការទិញរបស់ប្រជាជន និងបង្កើនផលិតភាព”៕ប្រភព: Vnexpress៕