ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីផ្សារជួលអចលនទ្រព្យបែបពាណិជ្ជកម្ម និងទីតាំងលក់រាយនានា នៅតែបន្តភាពតានតឹងនៅឡើយ គិតមកដល់ចុងត្រីមាសទី២ឆ្នាំនេះ។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២០ មិថុនាថា ក្នុងចំណោមការជួលអចលនទ្រព្យ យើងសង្កេតឃើញថា ការជួលកន្លែងលក់រាយមានភាពប្រសើរជាងគេ បន្ទាប់មកការជួលទីតាំងស្នាក់នៅ និងទីតាំងដី ដែលអាចប្រកបអាជីវកម្មបាន។
-->
លោកបញ្ជាក់ថា “ដី ដែលអាចបើកអាជីវកម្មF&B សាលារៀន មន្ទីរពេទ្យ ឬរៀបចំជាក្លឹបកំសាន្ត នៅមានតម្រូវការនៅឡើយ ប៉ុន្តែតម្លៃមិនកើនឡើងនោះទេ”។ លោកបន្តថា “ ចំណែកទីតាំងសាងសង់ឃ្លាំង ឬឃ្លាំង ដែលបានសាងសង់រួច មិនមានចរន្តជួលកើនឡើងនៅឡើយផងដែរ”។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា សកម្មភាពជួល មានសភាពប្រសើរ បើធៀបនឹងឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណា ការជួលដែលមានតម្លៃខ្ពស់ មិនទាន់មានតម្រូវករច្រើននោះទេ។
លោកស្រីបន្តថា “ការជួលទីតាំង ដែលមានតម្លៃទាប មានការចាប់អារម្មណ៍ច្រើនជាង ដោយសារការធ្វើអាជីវកម្មនានា ហាក់មិនទាន់មានសភាពប្រសើរខ្លាំងនៅឡើយ”៕