ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉េកាំង បានប្រកាសដាក់ចេញវិធានការឆ្លើយតបភ្លាមៗ ចំពោះការដំឡើងពន្ធគយ ដោយសហភាពអឺរ៉ុបមកលើការនាំចូលទំនិញ ដែលផលិតដោយប្រទេសចិន។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមមន្ត្រីចិនបានប្រកាសបើកការស៊ើបអង្កេត ទៅលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប ដែលជាវិធានការសងសឹកលើកដំបូង ក្រោយពីសហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធដល់អត្រា៣៨% លើការនាំចូលរថយន្តអគ្គិសនីមកពីប្រទេសចិន ដែលនឹងចូលជាធរមានក្នុងខែកក្កដាខាងមុខ។
-->
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយចំនួន ដូចជា គេហទំព័រ Global Times ដែលចុះផ្សាយជាភាសាអង់គ្លេស បានរាយការណ៍ថា បណ្តាក្រុមហ៊ុនឧស្សាហកម្មចិន បានស្នើសុំឱ្យមានការស៊ើបអង្កេត លើការនាំចូលសាច់ជ្រូករបស់សហភាពអឺរ៉ុប។
គេនៅចងចាំបានថា កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេត លើរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន បន្ទាប់ពីមានការចោទប្រកាន់ថា រថយន្តដែលផលិតនៅក្នុងប្រទេសចិន បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
ចាប់តាំងពីពេលនោះមក ទីក្រុងប្រ៊ុចសែលបានចាប់ផ្តើមបើកការស៊ើបអង្កេត លើផលិតផលឧស្សាហកម្មចិនមួយចំនួនទៀត រួមមានទាំងទួរប៊ីនខ្យល់ ផលិតផលដែក ឬដែកថែប និងការទិញឧបករ ណ៍វេជ្ជសាស្ត្រ។
ជាការឆ្លើយតបវិញ នៅក្នុងខែមករា ឆ្នាំ២០២៤ ទីក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេត លើម៉ាកយីហោស្រា ដែលនាំចូលពីអឺរ៉ុប ខណៈដែលក្រុមអ្នកវិភាគ បានចាត់ទុកវិធានការសងសឹកនេះថា ជា “គ្រាប់កាំភ្លើងដំបូង នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងEU”។
យ៉ាងណាមិញ បណ្តាប្រទេសសមាជិកEU មួយចំនួនបានជំទាស់នឹងការដំឡើងពន្ធលើទំនិញចិន។ ជាពិសេស ប្រទេសអាល្លឺម៉ង់ បានសម្តែងការព្រួយបារម្ភជាសាធារណៈ អំពីការសងសឹក ដោ យអាល្លឺម៉ង់សង្ឃឹមថា ទីក្រុងប្រ៊ុចសែល និងទីក្រុងប៉េកាំងនឹងអាចមានការសម្របសម្រួលគ្នា មុនពេលវិធានការពន្ធថ្មីរបស់សហភាពអឺរ៉ុបចូលជាធរមាន។
ប្រទេសចិន ដែលជាប្រទេសបរិភោគសាច់ជ្រូក ដ៏ធំបំផុតរបស់ពិភពលោក បាននាំចូលផលិតផលសាច់ជ្រូក ដែលមានតម្លៃប្រហែ ល៦ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះជាងពាក់កណ្តាលគឺបាននាំចូលមកពីសហភាពអឺរ៉ុប។
ហេតុនេះ ការសងសឹករបស់ចិនប្រឆាំងនឹងការនាំចូលសាច់ជ្រូកអាចជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិក EU មួយចំនួនដូចជាហូឡង់ អេស្ប៉ាញ និងដាណឺម៉ាក។
សាច់ជ្រូកគឺជាប្រភេទសាច់ ដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនចិន ហើយរដ្ឋាភិបាលចិន ថែមទាំងបានបង្កើតទុនបម្រុងជាយុទ្ធសាស្ត្រមួយ ដើម្បីជួយរក្សាស្ថិរភាពតម្លៃសាច់ជ្រូក ក្នុងករណីដែលការផ្គត់ផ្គង់មានការខ្វះខាត៕ប្រភព: Fortune៕