ដីធ្លីនៅតំបន់ចំនួន៤ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មានតម្លៃខ្ពស់កប់ពពក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារទិញ-លក់ដីធ្លីនៅក្នុងទីក្រុងហ្សាកាតា ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកវិនិយោគអចលនទ្រព្យ។

ស្របពេលឥណ្ឌូនេស៊ី សម្រេចបានកំណើនសេដ្ឋកិច្ច និងតម្រូវការអចលនទ្រព្យយ៉ាងឆាប់រហ័ស តម្លៃដីធ្លីនៅក្នុងទីក្រុងហ្សាកាតានៅតែបន្តកើនឡើងឥតឈប់ឈរ។ ខាងក្រោមនេះ គឺជាតំបន់ដី​ឡូត៍​ចំនួន៤ ដែលមានតម្លៃ​ថ្លៃ​បំផុតក្នុងទីក្រុងហ្សាការតា។

ទី១: សង្កាត់ Pondok Indah
ដីធ្លីនៅតំបន់នេះ មានតម្លៃចាប់ពី៤០ ទៅដល់១០០លានរូពៀ(ប្រហែល២.៤៣៧ដុល្លារ ទៅ៦.០៩២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ Pondok Indah មានទីតាំងនៅភាគខាងត្បូង នៃរដ្ឋធានីហ្សាការតា និងស្ថិតនៅចំទីតាំងជាយុទ្ធសាស្ត្រ ក្បែរអគារការិយាល័យ មជ្ឈមណ្ឌលកម្សាន្ត និងបរិក្ខារពេទ្យ។

ទី២: សង្កាត់ Kebayoran Baru
ដីធ្លីនៅតំបន់នេះមានតម្លៃចាប់ពី៥០ ទៅដល់១០០លានរូពៀ(ប្រហែល៣.០៤៦ដុល្លារទៅ៦.០៩២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

សង្កាត់ Kebayoran Baru មានភាពទាក់ទាញស្រដៀងគ្នាជាច្រើនដូចជា កន្លែងកម្សាន្ត ផ្សារទំនើប និងសួនកម្សាន្ត  ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ និងមន្ទីរពេទ្យនៅក្បែរនោះផងដែរ។

ទី៣: សង្កាត់ Menteng
ដីធ្លីនៅតំបន់នេះមានតម្លៃចាប់ពី៥០ ទៅដល់១២៥លានរូពៀ(ប្រហែល៣.០៤៦ដុល្លារ ទៅ៧.៦១៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈសង្កាត់នេះ ស្ថិតនៅចំចំណុចកណ្តាល នៃរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី។

ទី៤: តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល Sudirman
ដីធ្លីនៅតំបន់នេះមានតម្លៃចាប់ពី៦០ ទៅដល់២០០លានរូពៀ(ប្រហែល៣.៦៥៥ដុល្លារ ទៅ១២.១៨៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ មូលហេតុ ដែលនាំឱ្យដីនៅទីនេះមានតម្លៃខ្ពស់ខ្លាំង ក៏ព្រោះតែតំបន់នេះ​ គឺជា​ចំណុច​ស្នូលនៃភាព​ទំនើប​ទាន់សម័យ និងមាន​ទីតាំង​អាជីវកម្ម​ដ៏​ធំទូលាយ និង​ស្ថិតនៅ​ជិត​មជ្ឈមណ្ឌល​កម្សាន្ត និង​កីឡា។

យ៉ាងណាមិញ តម្លៃដីខ្ពស់កប់ពពក មិនត្រឹមតែគូសបញ្ជាក់ឱ្យឃើញពីការកើនឡើង នៃតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងហ្សាការតាប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសញ្ញាវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ច និងការវិវត្តន៍នៃទីក្រុងផងដែរ។

សម្រាប់វិនិយោគិន ការយល់ដឹងអំពីសក្ដានុពល នៃតម្លៃដីធ្លីនៅក្នុងតំបន់ទាំងនេះ គឺជារឿងសំខាន់បំផុត ក្នុងការសម្រេចចិត្តលើការវិនិយោគ និងការឈានជើងចូល ទៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនរបស់ទីក្រុងហ្សាកាតា៕ប្រភព: expat life៕

LEAVE A REPLY

Please enter your comment!
Please enter your name here