ប្រទេសចិនបង្ហាញឆន្ទ:សិក្សាផែនការ តភ្ជាប់ខ្សែរថភ្លើងឆ្នេរសមុទ្រខាងកើតរបស់ប្រទេសម៉ាឡេស៊ី មកកាន់ថៃ និងឡាវ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងប៉េកាំងអះអាងថា ខ្លួនមានឆន្ទៈ ក្នុងការសិក្សាផែនការតភ្ជាប់ខ្សែរថភ្លើង ឆ្នេរ​សមុទ្រខាងកើត East Coast Rail Link (ECRL) របស់ម៉ាឡេស៊ី ទៅកាន់គម្រោងផ្លូវរថភ្លើងនៅក្នុងប្រទេសឡាវ និងប្រទេសថៃ ដើម្បីពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅទូទាំងតំបន់អាស៊ាន។

លោកនាយករដ្ឋមន្ត្រីចិន  Li Qiang ដែលកំពុងបំពេញដំណើរទស្ស​នកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃពុធ ទី១៩ ខែមិថុនា ទៅកាន់ប្រទេសម៉ាឡេស៊ី បានថ្លែងថា “សំណើនេះនឹងធ្វើឱ្យគម្រោងខ្សែរថភ្លើងឆ្លងកាត់ទ្វីបអាស៊ី ចេញពីទីក្រុងគុនមីង ក្នុងប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីក្លាយជាការពិត”។

លោក Li បានមានប្រសាសន៍បន្តថា “ការណ៍នេះនឹងជំរុញឱ្យកាន់តែប្រសើរឡើង នូវការសាងសង់ច្រករបៀងពាណិជ្ជកម្ម ផ្លូវគោក និងផ្លូវសមុទ្រអន្តរជាតិថ្មី បង្កើនការតភ្ជាប់ក្នុងតំបន់ និងជួយពង្រឹងការកសាងសហគមន៍អាស៊ានឱ្យកាន់តែស៊ីជម្រៅ”។

កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលម៉ាឡេស៊ីធ្លាប់បានប្រកាសថា ខ្លួននឹងពិចារណាពង្រីកគម្រោងរថភ្លើង ដែលគាំទ្រដោយប្រទេសចិនទៅកាន់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសថៃ ខណៈគម្រោងផ្លូវដែកប្រវែង៦៥៥គីឡូម៉ែត្រ East Coast Rail Link (ECRL)  នឹងតភ្ជាប់ឧបទ្វីបម៉ាឡេស៊ីខាងកើត និងឧបទ្វីបម៉ាឡេស៊ីខាងលិចនៅចុងឆ្នាំ២០២៦។

បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃពុធម្សិលមិញ លោក Li និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីសហការគ្នាក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។

ប្រទេសទាំងពីរក៏បានប្តេជ្ញាថា នឹងពិនិត្យឡើងវិញនូវគោលនយោបាយលើកលែងទិដ្ឋាការ ដែលនឹងត្រូវផុតកំណត់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០០៩ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់សរុបចំនួន៩៨,៩ពាន់លានដុល្លារ៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here