តើការជួលការិយាល័យនៅអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅទីក្រុងញូវយ៉ក One World Trade Center មានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាភេរវកម្មរបស់ក្រុមអាល់កៃដានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបុកកម្ទេចគម្រោង World Trade Center និងអគារភ្លោះនៅទីក្រុងញូវយ៉កឱ្យក្លាយជាគំនរផេះផង់។ ក្រោយមក សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការជួសជុល ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ រួចជាមួយនឹងការសាងសង់អគារពាណិជ្ជកម្ម ពិភពលោកថ្មីផងដែរ។

អគារថ្មីនេះមានឈ្មោះហៅថា One World Trade Center ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៦ និងបើកសម្ពោធនៅឆ្នាំ២០១៤ ដែលមានកម្ពស់សរុប៥១៤ម៉ែត្រ និងមានចំនួន១០៤ជាន់ និងចំណាយទុនវិនិយោគ សាងសង់អស់ជិត៤ពាន់លានដុល្លារ។

គម្រោងសាងសង់អគារខ្ពស់កប់ពពកមួយនេះបានប្រើប្រាស់ដែកថែបរចនាសម្ព័ន្ធជាង៤០.០០០តោន។ អ្វីកាន់តែពិសេសនោះគឺនៅត្រង់ថា ជណ្តើរយន្តនៅក្នុងអគារ One World Trade Center អាចធ្វើដំណើរបានក្នុងល្បឿន១០,១៦ម៉ែត្រក្នុងមួយវិនាទី។ក្រោយពីទទួលបានមេរៀនដ៏ជូរចត់ពីការដួលរលំនៃអគារភ្លោះកាលពីឆ្នាំ២០០១ អ្នកអភិវឌ្ឍន៍បានរចនាអគារ One World Trade Center ដោយប្រុងប្រយ័ត្នបំផុត ដើម្បីធ្វើយ៉ាងណាឱ្យអគារនេះក្លាយទៅជាអគារការិយាល័យដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។ អ្នកអភិវឌ្ឍន៍បានប្រើប្រាស់បេតុងដែលមានភាពធន់ខ្ពស់ ដែលអាចទប់ទល់នឹងសម្ពាធច្រើនជាងបេតុងស្តង់ដារចំនួន៧ដង និងដែកសរសៃដ៏រឹងមាំបំផុត។

សព្វថ្ងៃនេះ អគារ One World Trade Center គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងល្បីល្បាញនៅលើពិភពលោក ដែលមនុស្សគ្រប់គ្នានឹកស្រម៉ៃចង់ទៅឃើញអគារនេះដោយផ្ទាល់។អគារនេះក៏ជាទីតាំងការិយាល័យធ្វើការរបស់បុគ្គលិកប្រមាណ៥០.០០០នាក់ផងដែរ។

តម្លៃសួរនាំដោយផ្ទាល់ពីម្ចាស់អគារ (Asking price)ទៅលើការជួលបន្ទប់ការិយាល័យនៅអគារ One World Trade Center មានតម្លៃចាប់ពី៧៣ដុល្លារ ដល់៨៥ដុល្លារក្នុងមួយហ្វីតការ៉េ អាស្រ័យលើទីតាំងនៅក្នុងអគារ។

ជាក់ស្តែង ថ្លៃជួលបន្ទប់ការិយាល័យនៅជាន់ខាងក្រោម(Lower floors)នៃអគារពាណិជ្ជកម្មដ៏ល្បីល្បាញមួយនេះ មានតម្លៃប្រមាណ៧៣ដុល្លារអាមេរិកនៅក្នុងមួយហ្វីតការ៉េ។

ចំណែកឯ ថ្លៃជួលបន្ទប់ការិយាល័យនៅជាន់កណ្ដាល(Mid Rise floors)នៃអគារពាណិជ្ជកម្មដ៏ល្បីល្បាញមួយនេះ មានតម្លៃប្រមាណ៧៨ដុល្លារអាមេរិកនៅក្នុងមួយហ្វីតការ៉េ ខណៈថ្លៃជួលបន្ទប់ការិយាល័យនៅជាន់លើ(Upper floors)មានតម្លៃ៨៥ដុល្លារអាមេរិកនៅក្នុងមួយហ្វីតការ៉េ៕ប្រភព:Cogent៕

LEAVE A REPLY

Please enter your comment!
Please enter your name here