ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញគោលនយោបាយផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួនសម្រាប់ឆមាសទី២ ឆ្នាំ២០២៤នេះ ដោយផ្តោតលើការទាក់ទាញអ្នកដំណើរមកពីតំបន់ឆ្ងាយៗ។
គោលនយោបាយត្រូវបានតាក់តែងឡើងក្នុងគោលបំណងជួយសម្រេចឱ្យបាននូវគោលដៅរបស់រដ្ឋាភិបាលថៃ ដែលកំណត់ទាក់ទាញប្រាក់ចំណូលពីផ្នែកទេសចរណ៍ឱ្យបានចំនួន៣,៥ទ្រីលានបាត(ប្រហែល៩៥,៥ពាន់លានដុល្លារ)នៅឆ្នាំនេះ។
លោក Siripakorn Cheawsamoot ទេសាភិបាលរងរបស់អាជ្ញាធរ TAT ដែលទទួលបន្ទុកលើទីផ្សារអឺរ៉ុប អាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិក បានលើកឡើងថា “ចាប់ពីឆមាសទី២ ឆ្នាំនេះ ទីផ្សារអ្នកធ្វើដំណើរមកពីផ្លូវឆ្ងាយ នឹងត្រូវបែងចែកទៅជា២ក្រុម”។
-->
ក្រុមទី១ រួមមាន ភ្ញៀវទេសចរណ៍រុស្ស៊ី អង់គ្លេស អាមេរិក អាល្លឺម៉ង់ និងបារាំង។ លោក Siripakorn បានបន្តថា ភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសទាំងនេះបានស្គាល់អំពីប្រទេសថៃរួចទៅហើយ ខណៈក្រុមទី១នេះ ចូលចិត្តមកទស្សនាប្រទេសថៃមុនដំណាច់ឆ្នាំ។
ក្រុមទី២ រួមមាន ភ្ញៀវទេសចរណ៍កាណាដា អុីតាលី កាហ្សាក់ស្ថាន ប៉ូឡូញ ដាណឺម៉ាក និងអារ៉ាប៊ីសាអូឌីត។ លោក Siripakorn បានបញ្ជាក់ថា ក្រុមទី២នេះ បានរួមចំណែកជួយបង្កើនប្រាក់ចំណូលទេសចរណ៍ និងកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ឱ្យដឹងថា “តាមរយៈយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ យើងសង្ឃឹមថា នឹងអាចរកប្រាក់ចំណូលបានប្រហែល២០០ពាន់លានបាតពីប្រទេសទាំង១១ខាងលើនៅឆមាសទីពីរ ឆ្នាំនេះ”។
គោលនយោបាយផ្សព្វផ្សាយទាំងនេះ នឹងមានការចូលរួមចំណែកសហការពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាននិងសណ្ឋាគារនានា ក្នុងគោលបំណងលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍មកពីតំបន់ឆ្ងាយៗ ពង្រីករយៈពេលនៃការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសថៃ។
ជាឧទាហរណ៍ បច្ចុប្បន្ននេះ ក្រុមហ៊ុន Air Canada កំពុងផ្តល់ជូននូវកម្មវិធី “Long Stay Airfare” ដែលផ្តល់ការបញ្ចុះតម្លៃលើសំបុត្រយន្តហោះសម្រាប់អ្នកធ្វើដំណើរដែលស្នាក់នៅរយៈពេលយូរ ខណៈភ្ញៀវអាចបង្ហាញប័ណ្ណជិះយន្តហោះទៅកាន់បុគ្គលិកនៅសណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីទទួលបានការបញ្ចុះតម្លៃ៕ប្រភព: The Nation៕