ទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរីបន្តដាំក្បាលចុះ ខណៈតម្រូវការកាន់តែមានកម្រិតទាប

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​ផ្ទះ​ថ្មី​នៅក្នុងប្រទេសសិង្ហបុរី​បាន​ធ្លាក់​ចុះ​អស់រយៈ​ពេល​២ខែជាប់ៗគ្នា គិតត្រឹមខែឧសភាកន្លងទៅ ដែលនិន្នាការនេះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅខែមិថុនានេះ។

ការធ្លាក់ចុះនៃការលក់ផ្ទះ បានបណ្តាលមក​ពី​តម្រូវ​ការ​ទិញផ្ទះដាំក្បាលចុះ និង​កង្វះ​នៃការ​បើក​ដំណើរការ​គម្រោងធំៗ។ កត្តាទាំងនេះ​បាន​បន្ត​ជះផលប៉ះពាល់មកលើ​ទីផ្សារអចលនទ្រព្យនៅសិង្ហបុរី។

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បង្ហាញថា អ្នកអភិវឌ្ឍន៍បានលក់ផ្ទះដាច់ចំនួន២២១យូនីតប៉ុណ្ណោះក្នុងខែឧសភា បើធៀបនឹង៣០១យូនីតនៅក្នុងខែមេសា។ ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំមុន ការលក់ផ្ទះនៅសិង្ហបុរីបានធ្លាក់ចុះ៧៩%។

ម្យា៉ងទៀត ការដំឡើងអត្រាការប្រាក់ខ្ពស់ និងវិធានការដំឡើងពន្ធប្រថាប់ត្រា បានធ្វើឱ្យទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីធ្លាក់ចុះ។ ក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ ការផ្គត់ផ្គង់ថ្មីៗនឹងត្រូវបានដាក់ចូលទៅក្នុងទីផ្សារ ដើម្បីដោះស្រាយកង្វល់អំពីលទ្ធភាពទិញផ្ទះ។

លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកយុទ្ធសាស្រ្តនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee Group បានលើកឡើងថា “ការលក់ផ្ទះថ្មីនៅក្នុងខែមិថុនាហាក់មិនអាចកើនឡើងវិញនោះទេ ព្រោះនេះគឺជាពេលវេលា ដែលគ្រួសារនានាចូលចិត្តធ្វើដំណើរកំសាន្តជាមួយកូនៗ ក្នុងអំឡុងថ្ងៃឈប់សម្រាកពីការសិក្សារយៈពេល១ខែ”។

ថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា សិង្ហបុរីនឹងលក់ចេញផ្ទះថ្មីបានសរុបប្រមាណតែ៧.០០០យូនីតប៉ុណ្ណោះ នៅឆ្នាំ២០២៤ទាំងមូល បើធៀបនឹងការព្យាករណ៍ពីមុនចំនួន៩.០០០យូនីត លុះត្រាតែមានការកាត់អត្រាការប្រាក់ ឬវិធានការរបស់រដ្ឋាភិបាលត្រូវបានបន្ធូរបន្ថយ។

យ៉ាងណាមិញ តម្លៃ​ផ្ទះនៅ​តែ​មាន​ការ​កើន​ឡើងជាប់ជានិច្ច ទោះ​បី​ជា​ការ​លក់ ឬតម្រូវការបានធ្លាក់​ចុះ​យ៉ាងគំហុកយ៉ាងណាក្តី។ ក្នុងនោះ តម្លៃផ្ទះឯកជននៅសិង្ហបុរី បានកើនឡើងរយៈពេល៣ត្រីមាសជាប់ៗគ្នាមកហើយ។

តួយ៉ាង កាលពីខែឧសភាកន្លងទៅ អាផាតមុិនចំនួន១យូនីតស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អគារប្រណីត Skywaters Residences ត្រូវបានទិញយកដោយជនបរទេសម្នាក់ ដែលមិនស្គាល់សញ្ជាតិក្នុងតម្លៃទឹកប្រាក់ចំនួន៣៥លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍ក៏កំពុងកាត់បន្ថយការបើកដំណើរការលក់ផ្ទះនៅក្នុងគម្រោងថ្មីៗផងដែរ។ ជាក់ស្ដែង កាលពីខែឧសភា ឆ្នាំនេះ អ្នកអភិវឌ្ឍន៍បានប្រកាសដាក់លក់ផ្ទះឯកជនថ្មីត្រឹមតែ២៤៨យូនីតប៉ុណ្ណោះ ដែលមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងការបើកដំណើរការលក់ផ្ទះជិត១.៦០០យូនីតកាលពីខែឧសភាឆ្នាំមុន៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here