ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសធំមួយ ក្នុងខេត្តកោះកុងគ្រោងទាក់ទាញក្រុមហ៊ុនឲ្យបាន១០០នៅដំណាច់ឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        កោះកុងៈ  ថ្នាក់ដឹកនាំតំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង Zhejiang ដែល​ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង​បាន​សន្យា​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ ​ឱ្យ​មក​បណ្ដាក់​ទុន​ក្នុង​តំបន់​នេះ ​ឱ្យ​បាន​ចំនួន​១០០​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​២០២៤នេះ។បច្ចុប្បន្នតំបន់​សេដ្ឋកិច្ច​នេះ ​មាន​ក្រុមហ៊ុន​មក​បណ្ដាក់​ទុន​វិនិយោគ​ចំនួន​២៨​ក្រុមហ៊ុន។

លោក ជូ ចាងជីន ប្រធាន​ក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត (Koh Kong Zhejiang SEZ) បាន​ថ្លែង​ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ចេជាង បច្ចុប្បន្ន មាន​ការ​បណ្ដាក់​ទុន​វិនិយោគ​ចំនួន​២៨​ក្រុមហ៊ុន ហើយ​នឹង​បន្ត​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ផ្សេង ​ឱ្យ​មក​បណ្ដាក់​ទុន​ក្នុង​តំបន់​នេះ​ឱ្យ​បាន​១០០​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​២០២៤នេះ។

លោក​ថ្លែង​ដូច្នេះ ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី២១ ខែ​មិថុនា រវាង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ដឹកនាំ​ដោយ​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃCDC ជាមួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន​ចិន​ចំនួន​១១ មកពី​ទីក្រុង​សៀងហៃ ឆឹងទូ ហាងចូវ និង​ខេត្ត​ចេជាងដឹកនាំ​ដោយ​លោក ជូ ចាងជីន។

ក្រុមហ៊ុន​ទាំង​១១​នេះ ​មាន​អាជីវកម្ម​ក្នុង​វិស័យ​សណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈ​វេច​ខ្ចប់ (កេស​កាតុង និង​សម្ភារៈ​ប្លាស្ទិក) ឧស្សាហកម្ម​គីមី អេប៉ុង និង​ផលិត​ខ្មៅដៃ និង​គ្រឿង​សង្ហារិម។

លោក ជូ ចាងជីន ថ្លែង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស កោះកុង ចេជាង នឹង​ចាប់ផ្ដើម​សាងសង់​មជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​ផ្នែក​ភាសា និង​ផ្នែក​ជំនាញ​បច្ចេកទេ​ស​នៅ​ពេលឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

លោក​បន្ថែម​ថា “ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទាមទារ​ឱ្យ​មាន​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​មាន​ភាព​អំណោយ​ផល និង​ការ​ទាក់ទាញ​ឱ្យ​បាន​ច្រើន​ថែមទៀត​នូវ​ឧស្សាហកម្ម​គាំទ្រ ​ដែល​នឹង​ជួយ​ធានា​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់”។

ជាមួយគ្នានេះ លោក ជា វុទ្ធីបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំង១១នេះ សម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ច្បាម​យក​ផល​ចំណេញ​រួមគ្នា ដោយ​លោក​បញ្ជាក់​ថា នៅ​ CDC មាន​តុ​ចិន (China Desk) សម្រាប់​រង់ចាំ​ផ្ដល់​ការ​ប្រឹក្សា និង​កិច្ច​សម្រួល​នានា ​ជូន​វិនិយោគិន​ចិន​ផង​ដែរ។ លោក​កត់​សម្គាល់​ពី​កំណើន​វិនិយោគ​ចិន​នៅ​កម្ពុជា។

លោក​បន្ថែម​ថា លោក​ជូ ចាងជីន បាន​ចូលរួម​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​កម្ពុជា ទី១​​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេមបូឌាន ចេជាង ហ្គ័រជី (Cambodian Zhejiang Guoji SEZ) ស្ថិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ប្រតិបត្តិការ​នៅ​ឆ្នាំ២០១៨ និង​ទី២​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ទើប​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី CDC កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៤។  តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី បច្ចុប្បន្ន​មាន​ការ​បណ្ដាក់​ទុន​វិនិយោគ​ពេញ​ក្នុង​តំបន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here