តើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននិងអាគារពាណិជ្ជកម្មគោរពតាមច្បាប់ស្តីពីផ្លូវថ្នល់ឬនៅ?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ភាពលោភលន់ និងបញ្ហាដីឡើងថ្លៃ បានធ្វើឲ្យ​អ្នកអភិវឌ្ឈន៍ជាច្រើនសាងសង់ផ្ទះ និងអាគារពាណិជ្ជកម្ម មិន​គោរពតាមច្បាប់ បទដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាលនោះទេ។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានអនុម័តឲ្យប្រើប្រា​ស់នៅឆ្នាំ២០១៤ កន្លងមកបាន​បង្ហាញថា រាល់ការសាងសង់សំណង់ ដែលមានច្រកផ្លូវចេញ ចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។

ច្បាប់បានចែងលើចំណុចលំអិតជាច្រើន ដួចជា ទី១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ៍​ហ្គា​​ស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

ទី២ ចំណែកការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀត ដែលមានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

ច្បាប់ស្តីពីផ្លូវថ្នល់ដដែលបានបញ្ជាក់ថា រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។

ចំណែកការជីកកប់ ជីកគាស់ ចោះខួង ឬសកម្មភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ឬ ចំណីផ្លូវ ក៏ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផងដែរ។

មានសំណង់បុរី និងអាគារពាណិជ្ជកម្មរបស់​អ្នកអភិ​វឌ្ឍ​ន៍ធំៗជាច្រើន បាននិងកំពុងសាងសង់លំនៅដ្ឋាន និងអាគារពាណិជ្ជកម្មរបស់ខ្លួន មិនគោរពតាមច្បាប់បទដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាល ដែលបង្កឲ្យមានបញ្ហា ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here