ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារអាផាតម៉ិនថ្មី មួយចំនួនបានបើកដាក់ឱ្យដំណើរការនៅក្នុងទីក្រុងហូជីមិញ នៅឆមាសទីមួយ ឆ្នាំ២០២៤ ដោយក្នុងនោះអាផាតម៉ិនភាគច្រើន មានតម្លៃជាង១០០លានដុង (៣.៩៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។
ក្នុងចំណោមនោះ គម្រោងទំហំ៣,៨ហិកតា ដែលមានអាផាតម៉ិនចំនួន២.០០០យូនីត នៅលើផ្លូវ Mai Chi Tho ក្នុងសង្កាត់ Thu Duc ត្រូវបានបើកដំណើរការលក់ក្នុងខែឧសភាក្នុងតម្លៃ១៣០លានដុង (៥.១១០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។
-->
ហេតុដូច្នេះ យូនីតអាផាតម៉ិន ដែលមានបន្ទប់គេងចំនួនមួយ មានតម្លៃចាប់ពី៦ ទៅ៧ពាន់លានដុង និងយូនីតអាផាម៉ិនដែលមានបន្ទប់គេងចំនួន២ មានតម្លៃចាប់ពី៩ទៅ១០ពាន់លានដុង។ ជាមួយគ្នានេះតម្លៃយូនីតអាផាតម៉ិនថ្មី នៅក្នុងគម្រោងដែលមានស្រាប់ ក៏កំពុងហក់ឡើងខ្ពស់កប់ពពកផងដែរ។
តួយ៉ាងអាផាតម៉ិន នៅក្នុងគម្រោងមួយនៅលើផ្លូវ Nguyen Co Thach និងផ្លូវ Tran Bach Dang ក្នុងសង្កាត់ Thu Thiem ត្រូវបានដាក់លក់ក្នុងតម្លៃ១២៥ ទៅ១៧៥លានដុងក្នុងមួយម៉ែត្រការ៉េនៅដើមខែឧសភា។
ចំណែក កាលពីខែមីនាកន្លងទៅ អគារអាផាតម៉ិនថ្មីមួយនៅក្នុងគម្រោងដែលមានស្រាប់ នៅក្នុងសង្កាត់លេខ៧ ក្នុងទីក្រុងហូជីមិញដដែល ត្រូវបានគេប្រកាសដាក់លក់ ក្នុងតម្លៃចាប់ពី៨៨ទៅ១០០លានដុង ក្នុងមួយម៉ែត្រការ៉េ។
នៅក្នុងពេលវេលាឆាប់ៗខាងមុខនេះ អ្នកអភិវឌ្ឍន៍ ក៏គ្រោ ងនឹងបើកដាក់ឱ្យដំណើរការ គម្រោងលក់អាផាតម៉ិននៅក្នុងសង្កាត់ Thi Duc ក្នុងតម្លៃ១២៧លានដុងក្នុងមួយម៉ែត្រការ៉េ។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ Dat Xanh Service បានឱ្យដឹងថា តម្លៃអាផាតម៉ិនថ្មីជាមធ្យមនៅទីក្រុងហូជីមិញ បានកើនឡើងចន្លោះពី៣%ទៅ៥% ចាប់តាំងពីចុងត្រីមាសទី១ ឆ្នាំ២០២៤ដល់ទំហំទឹកប្រាក់៨២លានដុងក្នុងមួយម៉ែត្រការ៉េ។
លោក David Jackson នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យពាណិជ្ជកម្ម Avison Young Vietnam បានលើកឡើងថា ការកើនឡើងនៃតម្លៃអាផាតម៉ិននេះ គឺដោយសារតែកង្វះការផ្គត់ផ្គង់ថ្មីក្នុងរយៈពេលវែង ព្រោះនៅក្នុងរយៈពេល៤ត្រីមាសចុងក្រោយនេះ ការផ្គត់ផ្គង់អាផាតម៉ិនថ្មីភាគច្រើន មានប្រភពចេញមកពីគម្រោងដែលមានស្រាប់៕ប្រភព: Vnexpress៕