ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានទទួលស្គាល់ ពីភាពប្រសើរឡើងនៃការទិញ លក់អចលនទ្រព្យ ប៉ុន្តែអ្នកវិនិយោគនៅតែបន្តផ្តោតលើប្រភេទទ្រព្យតម្លៃក្រោមទីផ្សារ។
អគ្គនាយិកាក្រុមហ៊ុនKAT APPRAISALលោកស្រីចេវ សុឃុន បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃច័ន្ទទី២៤ មិថុនាថា សកម្មភាព ទិញ លក់អចលនទ្រព្យនៅតែមិនទាន់ មានតម្លៃកើនឡើងនោះទេ ដោយអ្នកទិញនៅតែស្វែងរកអចលនទ្រព្យតម្លៃក្រោមទីផ្សារ។
លោកស្រីបញ្ជាក់ថា “ការទិញ លក់បានកើនឡើង បើធៀបនឹងឆ្នាំមុន ដែលចរន្តនៃការទិញលក់ នៅតែកើតមាននៅក្នុងទីផ្សារ”។
-->
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនផងដែរថា មានសកម្មភាពទិញ លក់ងចលនទ្រព្យ ពិសេសដីធ្លីនៅតំបន់ផ្លូវ៦០ម៉ែត្រ តំបន់ព្រែកព្នៅ បឹងកប់ស្រូវ និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។
លោកស្រីបន្តថា “បងអើយ ព័ត៌មានដដែលៗទេ ដោយសារស្ថានភាពពេលនេះ ការលក់អចលនទ្រព្យ អាចមានការទិញ ក្នុងតម្លៃក្រោមទីផ្សារ”។
លើសពីនេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពនេះ ទាមទារឲ្យអ្នកវិនិយោគ មានការប្រុងប្រយ័ត្នច្រើនជាងមុន។ ប្រសិនជាមានលំហូរសាច់ប្រាក់ល្អ អ្នកវិនិយោគគួរតែទិញ ដោយសិក្សាលើតំបន់ជាយក្រុង និងទីតាំងដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មីៗរបស់រដ្ឋាភិបាល។លោកបន្តថា “ទីផ្សារទាមទារឲ្យមានភាពអត់ធ្មត់ វាត្រូវការពេលវេលាបន្ថែមទៀត”៕