អគ្គនាយកដ្ឋានពន្ឋដារំលឹកពីការលើកទឹកចិត្តចំពោះអ្នកធុរកិច្ច ដែលមានបំណងវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ  អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកអំពីការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្រួលនីតិវិធីផ្សេងទៀតជាច្រើនទៀត ជូនដល់វិនិយោគិន ដែលមានបំណងវិនិយោគនៅខេត្តព្រះសីហនុ។

តាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា គម្រោងវិនិយោគ៣ប្រភេទ ដែលផ្តល់ការលើកទឹកចិត្តជាច្រើន រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងសម្រួលនីតិវិធីផ្សេងរួមមាន ទី១/ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគម្រោងនានា ដែលបានសាងសង់ហើយបានផ្អាកពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។ ទី២/ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ ក្នុងឆ្នាំ២០២៤ និងទី៣/ ការពង្រីកគម្រោងដែលមានស្រាប់។អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា គម្រោងទាំង៣ប្រភេទ នឹងទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធដារជាច្រើន ជាអាទិ៍មាន ការលើកលែងនូវប្រភេទពន្ធ អាករសំខាន់ៗមួយចំនួន លើកលែងកម្រៃសេវាចុះបញ្ជី សម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល លើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងផ្តល់ការលើកទឹកចិត្ត ដោយពន្ធអាករជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុផងដែរ។

ដើម្បីទទួលបានលើកទឹកចិត្ត ក្រោមកម្មវិធីពិសេសនេះ វិនិយោគិនខ្មែរ និងបរទេស និវាសនជន ឬអនិវាសនជន អាចដាក់ពាក្យស្នើសុំ មកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានទីតាំង២កន្លែងគឺ នៅខេត្តព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឬនៅរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here