ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ឥណទានដ៏ល្បីល្បាញចំនួន២ បានបន្ទាបការព្យាករណ៍ លើទីផ្សារអចលនទ្រព្យចិន ដោយសារការធ្លាក់ចុះនៃតម្លៃផ្ទះ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយស្តារវិស័យនេះឡើងវិញ។
តួយ៉ាង ស្ថាប័ន S&P Global Ratings បានព្យាករណ៍ថា ការលក់លំនៅដ្ឋាន នៅក្នុងប្រទេសចិន នឹងធ្លាក់ចុះ១៥ភាគរយ នៅឆ្នាំនេះ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះ៥%។
-->
ស្ថាប័នវាយតម្លៃខាងលើបានឱ្យដឹងទៀតថា ការលក់លំនៅដ្ឋាន ក្នុងប្រទេសចិននៅឆ្នាំនេះ នឹងសម្រេចបានទំហំទឹកប្រាក់ក្រោម១០ទ្រីលានយ័ន (១,៤ទ្រីលានដុល្លារ) ដែលដាំក្បា លចុះអស់ប្រហែលពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ២០២១។
ចំណែកស្ថាប័ន Fitch Ratings បានព្យាករណ៍ថា ការលក់លំនៅដ្ឋានប្រចាំឆ្នាំ២០២៤ របស់ប្រទេសចិននឹងធ្លាក់ចុះចន្លោះពី១៥% ទៅ២០% បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះ៥% ទៅ១០% ។
ការបន្ទាបទស្សនវិស័យរបស់ស្ថាប័ន វាយតម្លៃទាំង២ខាងលើ បង្ហាញថា ពួកគេហាក់មិនសូវមានទំនុកចិត្តថា វិធានការជំរុញថ្មីៗរបស់រដ្ឋាភិបាលចិន នឹងអាចបញ្ចប់វិបត្តិអចលនទ្រព្យ ដែលកំពុងបន្តអូសទាញ កំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះ។
ស្ថាប័ននានាបានដាក់ការស្តីបន្ទោស ទៅលើការធ្លាក់ចុះនៃតម្លៃផ្ទះ។ យោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិ(NBS) បង្ហាញថា តម្លៃផ្ទះថ្មីនៅប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុកបំផុត មិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្សរ៍ កាលពីខែឧសភាកន្លងទៅ។
ទីផ្សារអចលនទ្រព្យ ដែលគ្របដណ្តប់ប្រហែល៧៨% នៃទ្រព្យសម្បត្តិ គ្រួសារនៅក្នុងប្រទេសចិន បានដាំក្បាលចុះ។ ជាធម្មតា គ្រួសារនានាបានសន្សំប្រាក់ទុក អស់រយៈពេលជាច្រើនឆ្នាំ និងខ្ចីប្រាក់បន្ថែមពីមិត្តភក្តិ និងសាច់ញាតិដើម្បីបង្គ្រប់ទិញផ្ទះ៕ប្រភព:Bloomberg៕
