ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃពុធទី២៦ ខែមិថុនានេះ បានប្រកាសផ្តល់មូលនិធិលំនៅដ្ឋានចំនួន៨៥លានដុល្លារដល់បណ្តារដ្ឋ និងតំបន់មូលដ្ឋានចំនួន២១ ដើម្បីជួយលុបបំបាត់ឧបសគ្គ ចំពោះការអភិវឌ្ឍន៍ និងជំរុញការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យជាងមុន។
លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក និងលោកស្រី Adrianne Todman រដ្ឋមន្ដ្រីស្តីទីនៃក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង បានគូសបញ្ជាក់ថា មូលនិធិនេះនឹងជួយធ្វើបច្ចុប្បន្នភាព លើផែនការលំនៅដ្ឋានរបស់បណ្តារដ្ឋ និងតំបន់មូលដ្ឋាន ព្រមទាំងជួយកែសម្រួល គោលនយោបាយប្រើប្រាស់ដីធ្លី និងសម្រួលដំណើរការអនុញ្ញាតសម្រាប់ ការអភិវឌ្ឍថ្មី។
-->
មូលនិធិនេះត្រូវបានប្រកាសដាក់ចេញ ស្របពេលដែលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក្នុងសប្តាហ៍នេះ កំពុងព្យាយាមបង្ហាញ ទៅកាន់ប្រជាជនអាមេរិក ឱ្យបានឃើញថា លោកកំពុងចាត់វិធានការ ដើម្បីដោះស្រាយការហក់ឡើងនៃតម្លៃផ្ទះ ដែលបានក្លាយជាកង្វល់ដ៏ធំមួយ សម្រាប់អ្នកបោះឆ្នោតវ័យក្មេង។
បញ្ហាកង្វះលំនៅដ្ឋានដ៏រ៉ាំរ៉ៃ កំពុងបន្តជំរុញឱ្យថ្លៃជួល និងអត្រាអតិផរណាតម្លៃទំនិញ ប្រើប្រាស់កើនឡើង ដែលការណ៍នេះចូលរួមចំណែក ដល់ការពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
លោកស្រី Harris បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងអំឡុងពេលប្រកាសអំពីជំនួយនេះថា “ការវិនិយោគនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តកាន់តែធំជាងមុន ដើម្បីកាត់បន្ថយថ្លៃជួល និងជួយប្រជាជនអាមេរិក ឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងការទិញផ្ទះ ហើយយើងបានស្នើផែនការ សាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យចំនួន២លានយូនីត”។
កាលពីថ្ងៃអង្គារ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានប្រកាសថា ប្រាក់ចំណូលចំនួន១០០លានដុល្លារ ដែលយើងទទួលបានមកពីការវិនិយោគ លើការផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម និងបុគ្គលនៅក្នុងសហគមន៍ កាលពីសម័យកូវីដ-១៩ នឹងត្រូវបានបង្វែរទៅជាមូលនិធិផ្តល់ហិរញ្ញប្បទានសាងសង់លំនៅដ្ឋានថ្មី ដែលមានតម្លៃសមរម្យ។
ជាមួយគ្នានេះ លោកស្រី Harris និងលោកស្រី Yellen ក៏បានអំពាវនាវឱ្យសភាអនុម័ត ឥណទានពន្ធចំនួន១០.០០០ដុល្លារអាមេរិក សម្រាប់អ្នកទិញផ្ទះលើកដំបូង និងផ្តល់ជំនួយឥតសំណងចំនួន២៥.០០០ដុល្លារអាមេរិក សម្រាប់អ្នកទិញផ្ទះជំនាន់ទី១ មកពីគ្រួសារដែលជួបការលំបាកផ្នែកជីវភាព៕ប្រភព:Reuters៕