ដោយៈ គង់ សូរិយា
ភ្នំពេញ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់អភិបាលខេត្តថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍។
លោកថ្លែងបែបនេះ ក្នុងពិធីតែងតាំងលោកម៉ាង ស៊ីណេតជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ កក្កដាកន្លងមកនេះ។
-->

លោកស សុខាបានបន្តថា ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការបន្តពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកបានបញ្ជាក់អំពី ចំណាត់ការដ៏មុតស្រួចរបស់រាជ រដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាប បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ដែលមានការប្រឈមនៅខេត្ត ភាគនិរតីមួយនេះ ដូចជា៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀនបើទោះបីជាប្រតិបត្តិការក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះបង្ក្រាបបានច្រើនករណីដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង៥តោនក៏មិនមែនមានន័យថាបញ្ហាគ្រឿងញៀនបានថយចុះនោះដែរ។

ផ្ទុយទៅវិញ លោកបានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះ ត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍៣កុំ ១រាយការណ៍។
លោកម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោកគួច ចំរើន ដែលត្រូវបានផ្ទេរ ទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕