ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ របស់ក្រសួងថាមពល និងរ៉ែ បានបង្ហាញថា ការប្រើប្រាស់អគ្គិសនី នៅប្រទេសឡាវបានកើនឡើង៤៥ភាគរយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈការផ្គត់ផ្គង់ មានការប្រែប្រួលដោយសារអាកាសធាតុ។
ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ ប្រទេសឡាវបាននាំចូលថាមពលអគ្គិសនី ជាង១,៧ពាន់លានគីឡូវ៉ាត់ម៉ោង មកពីប្រទេសថៃ ប្រទេសចិន និងប្រទេសវៀតណាម។
-->
ផ្ទុយទៅវិញ ប្រទេសនេះបាននាំចេញ ថាមពលសរុបចំនួន៩៩៤,៥លានគីឡូវ៉ាត់ម៉ោង មកកាន់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃ ក្នុងអំឡុងពេលដូចគ្នានេះ។ ការណ៍នេះនាំឱ្យប្រទេសឡាវ ជួបប្រទះឱនភាពពាណិជ្ជកម្មថាមពល ចំនួន៨២៧,៨លានគីឡូវ៉ាត់ម៉ោង។
កំណើននៃការប្រើប្រាស់ ថាមពលអគ្គិសនីនៅឡាវ បានកើនឡើងលើសពីការព្យាករណ៍ នៅក្នុងរបាយការណ៍សិក្សាឆ្នាំ២០២១ ដែលបានប៉ាន់ប្រមាណថា តម្រូវការអគ្គិសនីនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧ភាគរយ សម្រាប់រយៈពេលចាប់ពី២០២២ដល់ឆ្នាំ២០២៤។

ប៉ុន្តែការកើនឡើង ដ៏មិននឹកស្មានដល់នាពេលនេះ បណ្តាលមក ពីតម្រូវការអគ្គិសនីពីឧស្សាហកម្មរុករករ៉ែ។ ក្រសួងថាមពលឡាវ បានរាយការណ៍ថា “ប្រការនេះបាននាំឱ្យមានអតុល្យភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសក្នុងរដូវប្រាំង នៅពេលដែលផលិតកម្មវារីអគ្គិសនីមានការថយចុះ”។
លើសពីនេះ ទំនប់វារីអគ្គិសនី ដែលគ្របដណ្តប់ចំណែកនៃការផលិតថាមពលអគ្គិសនីសរុបចំនួន៩៥% ពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទឹកភ្លៀង។ តួយ៉ាង នៅក្នុងឆ្នាំដែលមានភ្លៀងធ្លាក់ច្រើន ដូចជាឆ្នាំ២០២២ ផលិតកម្មអាចបំពេញទាន់តម្រូវការ។
ប៉ុន្តែបញ្ហាគ្រោះរាំងស្ងួតនៅឆ្នាំ២០២៣ បណ្តាលឱ្យផលិត កម្មមានការថយចុះ១០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយផលិតកម្មថាមពល ចេញពីទំនប់វារីអគ្គិសនី ត្រូវបានគេរំពឹងថា នឹងថយចុះ១០ភាគរយ បន្ថែមទៀតនៅឆ្នាំ២០២៤នេះ៕