ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុគ្រោងទាក់ទាញមនុស្ស១លាននាក់រស់នៅខេត្តមួយនេះនាពេលអនាគត

ចែករំលែក

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងបានរៀបចំកិច្ចប្រជុំលើកទី៣ ពិភាក្សាលើការរៀបចំផែនការមេដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមជាអធិបតី ពីលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើ វឌ្ឍនភាពនៃការរៀបចំ ផែនការមេខេត្តព្រះសីហនុ និងសេចក្តីព្រាងរបាយការណ៍ ផែនការមេខេត្តព្រះសីហនុ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ ដោយពិនិត្យលើផែនការសកម្ម​ភាព និងទិសដៅការងារបន្ទាប់។

ការ​រៀបចំផែនការ​មេ ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​ដំណើរការ​ជា​យូរណាស់​មក​ហើយ​ ​ហើយ​ផែនការ​អភិវឌ្ឍន៍​ប្រកបដោយ​មហិច្ឆតា​នេះ​ ​មាន​គោលបំណង​ចង់​ឃើ​ញ​ចំនួន​ប្រជាជន រស់នៅ​ក្នុង​ទីក្រុង​កើន​ឡើង​ពី​ប្រមាណ​​៣​០ម៉ឺន ​ដល់​១លាន​នាក់​ ​ប្រសិនបើ​ផែនការ​នេះ ​ត្រូវ​បាន​អនុម័ត​ ​និង​អនុវត្តន៍​បាន​ជោគជ័យ​។​

យោងតាមឯកសារបានបង្ហាញថា ផែនការ​មេ​នេះ ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង ​ដោយមាន​ការ​គាំទ្រ​ពី​វិទ្យាស្ថាន​រៀបចំផែនការ​ទីក្រុង​ ​និង​រចនា​ទីក្រុង​ ​She​n​z​hen​ (​UP​DIS​) ​របស់​ប្រទេស​ចិន​ ​ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ មាន​មហិច្ឆតា​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ​ ​និង​បម្រើ​ជា​តំបន់​ឧស្សាហកម្ម​ទំនើប​ ​បម្រើ​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

ផែនការ​នេះ ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ ទៅ​នឹង​សេចក្តីប្រាថ្នា​របស់​កម្ពុជា ​ក្នុង​ការ​ក្លាយ​ជា​មជ្ឈមណ្ឌល​ទំនើប​ ​ជាមួ​យ​ការពង្រីក​កំពង់ផែ​ សមុទ្រ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ការ​អភិវឌ្ឍន៍​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​និង​ផ្លូវ​សមុទ្រ​ផ្សេងទៀត​ដែល​កំពុង​ត្រូវ​បាន​ពង្រីក​ ​និង​អភិវឌ្ឍន៍​។​

ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​ពហុ​បំណង​ ​ក៏​ពឹងផ្អែក​លើ​ការថែទាំ​ជាបន្តបន្ទាប់​ ​និង​ការ​ពង្រឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -​ព្រះ​សី​ហ​នុ ​ការ​បង្កើន​ជើង​ហោះហើរ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​ ​រួម​ទាំង​ការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ប្រកបដោយ​ចីរភាព ​ដើម្បី​ក្លាយ​ជា​បង្គោល​នៃ​ការ​វិនិយោគ​ ​និង​ទេសចរណ៍​។​

មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការ​នេះបានថ្លែងថា “​ផែនការ​មេ​ដ៏​ទូលំទូលាយ​របស់យើង​ មាន​គោលបំណង​ទាញ​ យក​អត្ថប្រយោជន៍​ពិសេស​ទាំងនេះ​ ​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​រីក​ចម្រើន​ ​ដែល​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​ចីរភាព​ ​លើក​កំពស់ជីវភាព​រស់នៅ​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ជា​អន្តរជាតិ​”​។

​

នេះ​មិន​ត្រឹមតែ​ជា​ដំណើរ​ផ្លាស់ប្តូរ ​ប្រកបដោយ​ម​ហិច្ឆិ​តា​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ត្រូវការ​គាំទ្រ​ ​ជំនឿ​ ​និង​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ដ៏​ធំ​ សម្រាប់​តំបន់​នេះ ​ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ក៏ដូចជា​ការ​អភិវឌ្ឍន៍សង្គម​។​

ចក្ខុវិស័យ​រយៈពេល​វែង​ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ខេត្ត​ព្រះ​ស៊ី​ហ​នុ ​មាន​ដូចជា​

• ​ច្រក​ទ្វារ​អន្តរជាតិ​ (​ផ្លូវគោក​ ​ផ្លូវ​សមុទ្រ​ ​និង​ផ្លូវអាកាស​) ​

• បម្រើ​ជា​បង្គោល​អភិវឌ្ឍន៍​ជាតិ​

• ​ប្រែក្លាយ​ទៅជា​ទីក្រុង ​ក្នុង​តំបន់​អា​ស៊ាន​ដ៏​ទាក់ទាញ​។

​

កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​តឹក​រ៉េត​ ​សំរេច​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​និង​ដោយមាន​ការចូលរួម​ ពី​ក្រសួង​ទេសចរ​ណ៍​ ​ក្រសួង​បរិស្ថាន​ ​និង​កម្មវិធី​ជំរុញ​ការ​វិនិយោគ ​ពិសេស​ខេត្ត​ព្រះ​សី​ហ​នុ ​ឆ្នាំ​២​០​២​៤​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍន៍​តំបន់​ ​និង​​ផែនការ​សកម្មភាព​បន្ថែម​ទៀត ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​អូរ​ត្រេះ​ ​និង​តំបន់​អូរ​ត្រជាក់ចិត្ត​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស័យ​ទេសចរណ៍​ ស្របតាម​ចក្ខុវិស័យ​រយៈពេល​វែង​ ដោយ​ប្រែក្លាយ​ទីតាំង​ទាំងនេះ ​ទៅជា​មជ្ឈមណ្ឌល​សមាហរណ​កម្ម​ក្នុង​តំបន់​។​

នៅ​ថ្ងៃ​ដដែល​នោះ​ ​លោក​ ​ជា​ ​កុក​ហុង​ ​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ក្រសួង​ ​សម្របសម្រួល​ការ​អភិវឌ្ឍន៍​ ​និង​អនុវត្ត​ផែនការ​មេ​ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ ​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ហិរញ្ញវត្ថុ​ (​T​W​G​) ​លើក​ទី​៥​ ​ដឹកនាំ​ដោយ​ ​លោក​រស់​ ​សីល​វ៉ា​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​មជ្ឈមណ្ឌ​ល​ហិរញ្ញវត្ថុ ​ក្រុម​ការងារ​ដើម្បី​ពិភាក្សា​ អំពី​សំណើ​អាជីវកម្ម​នៃ​ការ​បង្កើត​ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​៕


ចែករំលែក