ក្រុមសេដ្ឋវិទូជឿថា ការសងសឹកផ្នែកសេដ្ឋកិច្ចរវាងប្រទេសហ្វីលីពីន និងចិនមិនអាចកើតឡើងឡើយ

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្វីត្បឹតតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសហ្វីលីពីននិងប្រទេសចិនកំពុងបន្តកើនឡើងកំដៅយ៉ាងណាក្តីក៏ប៉ុន្តែក្រុមសេដ្ឋវិទូជឿជាក់ថាទីក្រុងប៉េកាំងនឹងមិនចាត់វិធានការទប់ស្កាត់សកម្មភាពដោះដូរពាណិជ្ជកម្មជាមួយទីក្រុងម៉ានីលនោះទេដោយសារចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ហ្វីលីពីន។

លោក Miguel Chanco សេដ្ឋវិទូនៅស្ថាប័នជំនាញសេដ្ឋកិច្ច Pantheon Macroeconomics បានអះអាងថា “ខ្ញុំមិនទាន់មើលឃើញសញ្ញាណាមួយ ដែលបង្ហាញថា ប្រទេសចិនមានចេតនាកាត់បន្ថយ ការដោះដូរពាណិជ្ជកម្ម ជាមួយហ្វីលីពីននោះទេ”។ លោកបន្ថែមថា “ខ្ញុំមិនគិតថា ភាគីទាំង២នឹងធ្វើអ្វីហួសដែនកំណត់នោះដែរ ព្រោះការធ្វើបែបនេះ នឹងនាំឱ្យមានការចាញ់រៀងខ្លួន ខណៈសេដ្ឋកិច្ចចិនក៏កំពុងបន្តស្ថិត ក្នុងស្ថានភាពមិនសូវល្អប៉ុន្មានឡើយ”។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម កំពូលរបស់ហ្វីលីពីន។ យោងតាមទិន្នន័យពីអាជ្ញាធរស្ថិតិហ្វីលីពីន បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២ សម្រេចបានទំហំទឹកប្រាក់ចំនួន៣,៥៨ពាន់លានដុល្លារ នៅក្នុងខែឧសភា ឆ្នាំ២០២៤ ខណៈហ្វីលីពីន​ កំពុង​នាំ​ចូល​ទំនិញពីចិន ក្នុងទំហំទឹកប្រាក់ច្រើន​ជាង ​​ការ​នាំ​ចេញ​ទៅកាន់ប្រទេស​ចិនវិញ។

ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ ហ្វីលីពីនបាននាំចូលទំនិញពីប្រទេសចិន មានតម្លៃ១២,៩៩ពាន់លានដុល្លារ កើនឡើង១០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលការណ៍នេះ ​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រភពនាំ​ចូល ​ទំនិញលំដាប់កំពូល​មកកាន់ហ្វីលីពីន។

ចំណែក ការនាំចេញទំនិញពីហ្វីលីពីន ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ២១,៣ភាគរយ មកនៅត្រឹមទំហំទឹកប្រាក់ចំនួន៣,៧៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងដូចគ្នា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាប្រឈមខាងផ្នែកការទូតរវាងប្រទេសទាំង២ ត្រូវបានគេលើកមកពិភាក្សា ខណៈប្រធានាធិបតីហ្វីលីពីន លោកFerdinand Marcos Jr. បានប្រកាន់ជំហររឹងមាំ ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិន ជុំវិញដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង។

លោក Ruben Carlo Asuncion ប្រធានសេដ្ឋវិទូនៅធនា​គារ Union Bank of the Philippines បានកត់សម្គាល់ថា ប្រទេសចិន នឹងការពារផលប្រយោជន៍សេដ្ឋកិច្ច និងជំរុញកំណើ​នសេដ្ឋកិច្ចរបស់ខ្លួន។

លោក Asuncion បានបន្ថែមថា “ប្រទេសចិនដឹងយ៉ាងច្បាស់ថា ថ្លៃចំណាយនានានឹងកើនឡើងកាន់តែខ្ពស់ ប្រសិន​បើប្រទេសទាំង២ ប្រើប្រាស់ទម្រង់នៃការសងសឹក ខាងផ្នែកសេដ្ឋកិច្ចដាក់លើគ្នាទៅវិញទៅមក”៕ប្រភព:Inquirer.Net៕


ចែករំលែក