ចិន​គ្រោង​បង្កើត​សួន​ឧស្សាហកម្ម និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សភា​នៃ​ប្រជាជន​ខេត្ត​លីវ​នី​ញ ប្រទេស​ចិន​បាន​សន្យា​ជំរុញ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ចិន​មក​វិនិយោគ និង​ទស្សនា​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន ពិសេស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​បង្កើត​សួន​ឧស្សាហកម្ម​នៅ​កម្ពុជា។

លោក ពីង ហ្សី​កាង (Bing Zhigang) អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ​នៃ​ប្រទេស​ចិន បានលើកឡើង​ក្នុងជំនួប​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃទី៦ ធ្នូ​នេះ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ គឺ​គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្តសំខាន់ៗចំនួន​ពីរ ជាមួយ​ប្រទេស​កម្ពុជា មានដូចជា ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ខេត្ត​លាវ​នី​ញ របស់​ចិន និង​កា​ស្វែងរក​ឪ​កាស​ពង្រឹងពង្រីក​គម្រោង​វិនិយោគ​នៅ​កម្ពុជា។

លោក​បន្តថា គណៈប្រតិភូ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ទាំងពីរ​នេះ គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងនោះ និង​ដើម្បី​សិក្សា​ពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ជាមុន​ផងដែរ ជាពិសេស​មាន​គម្រោង​ចង់​បង្កើត​សួន​ឧស្សាហកម្ម​ខេត្ត​លីវ​នី​ញ  និង​បង្កើន​ទីផ្សារ​ពាណិជ្ជកម្ម ក្នុងប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ជំរុញ​អោយ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​បន្ថែមទៀត។

លោក Bing Zhigang បាន​សន្យាថា នៅពេល​ត្រឡប់​ទៅវិញ គណៈប្រតិភូ​នឹង​កៀងគរ​ផ្សព្វផ្សាយ ទាក់ទាញ​អ្នកវិនិយោគ​និង​អ្នកទេសចរ​ចិន ឲ្យ​មក​បណ្តាក់ទុន និង​ធ្វើ​ទេសចរ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើនឡើង ព្រោះ​ខេត្ត​លីវ​នី​ញ ជា​ខេត្ត​មាន​សក្តានុពល​មួយ​របស់​ប្រទេស​ចិន​ដែលមាន ឧស្សាហកម្ម​ដែកថែប ឧស្សាហកម្ម​គ្រឿងចក្រ​កសិកម្ម និង​អេ​ឡិច​ត្រូ​និ​ច​ព័ត៌មានវិទ្យា ជាដើម។

លោក ពីង ហ្សី​កាង បាន​បន្តថា ដើម្បី​ងាយស្រួល​ដល់​អ្នកវិនិយោគ អគារ​ពាណិជ្ជកម្ម ខេត្ត​លាវ​នី​ញ​នៅ​កម្ពុជា នឹង​បើក​ការដ្ឋាន​សាងសង់ ហើយ​ប្រារព្ធ​ពិធី​សម្ពោធ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេល​នេះដែរ។

លោក​បន្តថា “ខ្ញុំ​នឹង​ខិតខំ​ជំរុញ អ្នកវិនិយោគទុន​ចិន នៅ​ខេត្ត​លាវ​នី​ញ មករក​ស៊ី​នៅ​កម្ពុជា​ឲ្យ​ច្រើន ដើម្បី​ជា​ចំណងដៃ​នៃ​ចំណងមិត្តភាព​ការទូត​កម្ពុជា ដែល​ឈានដល់​ខួប​ទី៦០ឆ្នាំ នៅ​ឆ្នាំ២០១៨ខាងមុខនេះ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន  បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​ចូលរួមចំណែក​បន្ត​ពូន​ជ្រុំ​លើកកម្ពស់ ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា-ចិន ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត។ “បច្ចុប្បន្ន​ទំនាក់ទំនង នៃ​ប្រទេស​យើង​ទាំងពីរ មាន​ភាពល្អប្រសើរ​ជាងពេលណាៗទាំងអស់ ហើយ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ គឺ​បន្ត​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here