កំពតៈ ជាខេត្តមួយមានសក្តានុពល លើធនធានធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធ៌ម ខេត្តកំពតនៅតែរក្សាបានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
នាយកក្រុមហ៊ុនHIPPO Project លោកគឹម សង្រ្គាមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៥ កក្កដាកន្លងមកថា តម្រូវការដីសម្រាប់សាងសង់រមណីយដ្ឋាន សណ្ឋាគារមួយចំនួន នៅតែមានពីអ្នកវិនិយោគក្នុងខេត្ត និងមកពីរាជធានីភ្នំពេញ។

-->
លោកបន្តថា “សកម្មភាពទិញ លក់មានមួយៗ ប៉ុន្តែវាជាការទិញ ឬវិនិយោគអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារ និងទីតាំងអំណោយផលប៉ុណ្ណោះ”។

លោកបន្តថា តម្រូវការដី ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ ជាមូលដ្ឋាននៃភាពរ៉ឹងមាំក្នុងវិស័យនេះ ខណៈខេត្តកំពតកំពុងបន្តទាក់ទាញ ការវិនិយោគរមណីយដ្ឋានទេសចរណ៍កាន់តែច្រើន។
ខេត្តកំពត គ្រោងនឹងបើកដំណើរការ កំពង់ផែទេសចរណ៍ នៅខែតុលាខាងមុខ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនកំពុងសាងសង់ និងមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការសាងសង់ផ្លូវពីភ្នំបូកគោ មកកាន់ផ្លូវជាតិលេខ៤ ការសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ និងគំរោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ របស់រដ្ឋបាលខេត្តកំពតផងដែរ។

លោកឧកញ៉ាសាយ សុភ័ក្រ្តា អនុប្រធានក្រុមហ៊ុនSOKIMEX Investment Groupបានមានប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលទាក់ទាញ ដោយមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរទាំងព្រម ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាសព្រោះខេត្តមានទីតាំង ដែលមានចម្ងយប្រមាណ៦០គីឡូម៉ែត្រ ពីព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ។
លោកបន្តថា “សក្តានុពលរបស់ខេត្ត ក៏ដូចជាការអភិវឌ្ឈទីក្រុងបូកគោ និងធ្វើឲ្យខេត្តកំពត កាន់តែមានភាពទាក់ទាញថែមទៀត”៕