ផ្លូវជាតិលេខ១០បានជួសជុលបន្ទាប់ពីអិលបាក់ស្រុតជាមួយនឹងយានយន្តអាចចរាចរណ៍បានឡើងវិញ

0

ពោធិសាត់ៈ បណ្តាយានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 ស្ថិតនៅចំណុច ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កំណាត់ផ្លូវជាតិនេះ បានរងការរអិលបាក់ស្រុត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់បានជម្រុញឲ្យមានការរៀបចំ សម្រួលផ្លូវនេះឡើងវិញ ដើម្បីអនុញ្ញាត្តឲ្យយានយន្តតូច ធំអាចបើកបរបានឡើងវិញ។

ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុត​នេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំ ជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦%ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here