ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបញ្ជាក់ថា ការផលិតអំបិលក្នុងខេត្តកំពត បានកើនគើងរហូតដល់ជាង៩ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនប្រសើរទេ ធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ។

កំពត ជាខេត្តឃ្លាំងអំបិលមួយ ដែលមានផ្ទៃដីផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជាង៣៤៨៩ហិកតា។ នៅក្នុងការផលិតអំបិលនេះ មានកម្លាំងចំនួន១៤៧៤នាក់ ស្មើនឹង១៧១ក្រុម ដែលចែកចេញជា ៦មណ្ឌល។ នេះបើយោងការបញ្ជាក់ឲ្យដឹងពីអភិបាលខេត្តកំពត លោកម៉ៅ ធនិន។
-->

ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ ការផលិតអំបិលបានរហូតទៅដល់៩៣,៩០៦តោន ដែលអាចធានាបាននូវការផ្គត់ផ្គង់នៅក្នុងប្រទេស។ ទោះយ៉ាងណា ការផលិតនេះវាពឹងផ្អែកទៅលើកត្តាធម្មជាតិផងដែរ។
លោកបញ្ជាក់ថា ដោយសារតែស្រែអំបិល ត្រូវពឹងកម្តៅមេឃ កំដៅពន្លឺព្រះអាទិត្យ បើសិនជាអាកាសធាតុអំណោយផល មិនមានព្យុះភ្លៀង នៅពេលដែលយើងផលិត ទិន្នផលអំបិលរបស់យើងល្អណាស់”។ លោកបន្តថា “ដោយសារតែបច្ចេកទេសរបស់បងប្អូនទាំង៦មណ្ឌលរបស់យើងនេះ មានបទពិសោធខ្ពស់នៅក្នុងការផលិតអំបិល”។
លោកបានបន្តថា នាពេលបច្ចុប្បន្ននេះ ស្រែអំបិលទាំងនោះមានការគាំទ្រ ហើយមានការអភិរក្ស ពីព្រោះស្រែអំបិលនេះល្អណាស់ សម្រាប់ជាអត្តសញាណរបស់ជាតិ និងអត្តសញាណរបស់ខេត្ត។
លោកអភិបាលបានបញ្ចាក់ថា “ជាគំនិតខ្ញុំ ប្រសិនបើស្រែអំបិលនេះ អាកាសធាតុអំណោយផល យើងនឹងជំរុញបងប្អូនឱ្យបង្កើនការផលិត ធ្វើម៉េចឱ្យយើងទទួលបាននូវផលិតផលទាំងអស់នេះ សម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ នៅក្នុងប្រទេសដោយយើងមិនបាច់នាំចូល”។ លោកបន្ថែមថា “យើងចំណេញច្រើន។ នេះជាជំហររបស់រដ្ឋបាលខេត្ត ហើយក៏ដូចជាយើងពង្រឹងឆន្ទៈ និងមនសិការបស់បងប្អូនដែរ”។
កម្ពុជាត្រូវការអំបិលចន្លោះពី៧ ទៅ១០ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ចំណែកលោក សុខ ឡុង ដែលជាម្ចាស់ស្រែអំបិលម្នាក់បានឱ្យដឹងថា ឆ្នាំនេះ ការផលិតអំបិលពិតជាមានការកើនឡើងមែន ដោយសារតែអាកាសធាតុអំណោយផលល្អ។
លោកបន្តថា “យើងផលិតអំបិលបានចាប់ពីខែ១ ដល់ខែ៤។ តែកាលពីឆ្នាំទៅពេលផលិតបានតែ១ខែទេ ដោយសារតែភ្លៀងកក់ខែតាំងពីដើមឆ្នាំ។ អញ្ជឹងការប្រមូលផលអំបិលឆ្នាំនេះកើនឡើង ១គុណនឹង២ ឬគុណនឹង៣”។
ទោះយ៉ាងណា លោកថា ការផលិតបានច្រើនមែន ប៉ុន្តែតម្លៃវិញមិនបានថ្លៃ ដូចកាលពីឆ្នាំទៅនោះទេ។ ឆ្នាំនេះ អំបិលលេខ៣ (អំបិលគ្រួស) ១បាវទម្ងន់ ៥០គីឡូក្រាម មានតម្លៃជាង៦ពាន់រៀល, អំបិលលេខ២មួយបាវ មានតម្លៃ៨ពាន់រៀល និងលេខ១ មួយបាវមានតម្លៃប្រហែល១ម៉ឺនរៀល៕