ដោយៈ ច្រាយ ចំណាន
ព្រះសីហនុៈ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុងព្រះសីហនុត្រូវបានជ្រើសរើសជាបេក្ខភាព ចួលជាសមាជិកបណ្តាញទីក្រុងស្អាតរបស់អាស៊ាន។

ការជ្រើសរើសនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ (SEVENTH ASEAN SMART CITIES NETWORK) ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ បានសម្រេចដាក់បេក្ខភាពក្រុងព្រះសីហនុ ចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលពីគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៃក្រសួងមហាផ្ទៃ។


-->
ការចូលជាសមាជិក បណ្តាញទីក្រុងឆ្លាតអាស៊ាន នេះនឹងជំរុញឱ្យទីក្រុងព្រះសីហនុ ក្លាយជាទីក្រុងមួយរស់នៅ ប្រកបដោយគុណភាពជីវិតខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ច និងជាទីក្រុងដែលមានបរិស្ថាន ប្រកបដោយនិរន្តរភាព ព្រមទាំងចាប់ឱកាសនូវកាលានុវត្តភាពថ្មីៗ នៃសាកលភាវូនីយកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ច។

ក្រុងព្រះសីហនុ ជាទីក្រុងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែលបានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន កាលពីឆ្នាំ២០១៨។
គិតត្រឹមឆ្នាំ២០២៤នេះ បណ្តាញទីក្រុងឆ្លាតអាស៊ានមានចំនួន៣១ ទីក្រុងមកពីប្រទេសចំនួន១០ រួមមានប្រទេសប្រ៊ុយនេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ភូមា សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕