ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចមកខេត្តជាំងស៊ូ (Jiangsu) និងក្រុងសានថូវ (Shantou) នៃខេត្តក្វាងតុង (Guangdong) របស់ប្រទេសចិន ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
លោក Jiang Xin អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃខេត្តJiangsu នាថ្ងៃទី១៣ សីហា បានដឹកនាំគណៈប្រតិភូចិនជួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្ដីការCDC រាជធានីភ្នំពេញ។
CDC បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៣ សីហា ថា “គោលបំណងចម្បងនៃការជួបពិភាក្សា នាពេលនេះគឺដើម្បីស្វែងរកកិច្ច សហប្រតិបត្តិការបន្ថែមរវាងCDC និងខេត្ត Jiangsu សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម”។
ក្នុងជំនួបនេះ លោក ជា វុទ្ធី បានធ្វើការកត់សម្គាល់ពីគម្រោងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលបច្ចុប្បន្ននេះ ជិតនឹងបញ្ចប់ដំណាក់កាលទី១ និងបានស្រូបទាញការវិនិយោគមកពីខេត្តជាំងស៊ូ។
តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SSEZ ដែលជាក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment លើផ្ទៃដីទំហំ១ ១១៣ ហិកតា នៅខេត្ដព្រះសីហនុ ដែលទទួលគោលការណ៍អនុញ្ញាតពីCDC ក្នុងឆ្នាំ២០០៨។
លោក ជា វុទ្ធី ថ្លែងថា ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើត ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោក Jiang Xin បានថ្លែងអំណរគុណចំពោះ CDC ដែលបានផ្តល់នូវព័ត៌មានពាក់ព័ន្ធ នឹងបរិយាកាសវិនិយោគនៅកម្ពុជា, ព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច, និងព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ហើយថា នេះជាការចូលរួមវិនិយោគរបស់វិនិយោគិន មកពីខេត្តជាំងស៊ូ។
លោក ជា វុទ្ធី បានស្នើគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ របស់កម្ពុជាបច្ចុប្បន្ន និងបរិស្ថានវិនិយោគដែលមានភាពអំណោយផល និងប្រកួតប្រជែងខ្ពស់របស់កម្ពុជា ទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្តជាំងស៊ូ។
ដោយឡែក ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ បានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។
លោក Wen Zhanbin លេខាគណៈកម្មាធិការបក្សនៃទីក្រុងសានថូវ បានដឹកនាំគណ:ប្រតិភូក្រុមហ៊ុនចំនួន៩ មកពីទីក្រុងសានថូវ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ និងកម្ពុជា និងបានជួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាថ្ងៃទី១៣ សីហា នៅរាជធានីភ្នំពេញផងដែរ៕