ការសិក្សាថ្មី: កម្ពុជាស្ថិតក្នុងប្រទេសកំពូចំនួន៣នៅតំបន់អាស៊ាន ដែលបានត្រៀមខ្លួនខ្ពស់ចំពោះគ្រោះធម្មជាតិ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អាស៊ាន ជាតំបន់ងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត នៅក្នុងពិភពលោក។ ប៉ុន្តែការសិក្សាថ្មីមួយបង្ហាញថា ប្រជាជនរស់នៅក្នុងតំបន់អាស៊ាន មានការត្រៀមខ្លួនខ្ពស់ ក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយ។

យោងតាមការស្ទង់មតិ ហានិភ័យពិភពលោក(World Risk Poll) បានរកឃើញថា ចំនួន២ភាគ៣នៃអ្នកឆ្លើយសំណួរ មកពីតំបន់អាស៊ានជឿថា ពួកគេអាចការពារខ្លួន និងក្រុមគ្រួសារពីគ្រោះមហន្តរាយនាពេលអនាគត ដូចជា រលកយក្សស៊ូណាមិ ឬរញ្ជួយដី។

ការស្ទង់មតិខាងលើ បានវាស់វែងភាពធន់ជា៤ប្រភេទ រួមមាន បុគ្គល គ្រួសារ និងសហគមន៍-សង្គម ដោយមានការចូលរួមពីអ្នកឆ្លើយតបចំនួន១.០០០នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។

លោក Benedict Vigers អ្នកប្រឹក្សាយោបល់ផ្នែកស្រា​វជ្រាវនៅក្រុមហ៊ុន Gallup និងបានធ្វើការលើការស្ទង់មតិ បានលើកឡើងថា “តំបន់អាស៊ាន បានបង្ហាញទៅកាន់ពិភពលោកថា ភាពធន់ និងការត្រៀមខ្លួន ក៏អាចកើតឡើងបានផងដែរ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍”។

លោកបន្តថា “ប្រទេសចំនួន៣ ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត លើការរៀបចំធ្វើផែនការក្នុងគ្រួសារ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ រួមមាន ហ្វីលីពីន វៀតណាម កម្ពុជា ហើយប្រទេសទាំង៣នេះ សុទ្ធតែជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប”។

ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន សម្បូរដោយភ្នំភ្លើងសកម្មជាច្រើន។ ការណ៍នេះធ្វើឱ្យប្រទេសទាំង២ ងាយរងគ្រោះខ្លាំងចំពោះការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក៏ដូចជាព្យុះត្រូពិចប្រចាំឆ្នាំផងដែរ។ ជាការឆ្លើយតបនឹងសំណួរស្ទង់មតិ ប្រជាជនអាស៊ាន ទទួលបានពិន្ទុខ្ពស់ក្នុងការត្រៀមខ្លួន និងការធ្វើផែនការគ្រួសារ នៅពេលគ្រោះមហន្តរាយមកដ​ល់។

ការស្ទង់មតិហានិភ័យពិភពលោក បានបង្ហាញថា ចំនួន៧៤ភាគរយ នៃមនុស្សពេញវ័យ នៅតំបន់អាស៊ានលើកឡើងថា ពួកគេបានទទួលការព្រមាន ឬសេចក្តីជូនដំណឹងទុកជាមុនយ៉ាងតិចណាស់១ដង មុនពេលមានគ្រោះមហន្តរាយកើតឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងរដ្ឋាភិបាល៕

ប្រភព​:ABC News

LEAVE A REPLY

Please enter your comment!
Please enter your name here