ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសំបុត្រធ្វើដំណើរតាមផ្លូវអាកាស កាន់តែមានតម្លៃសមរម្យ សម្រាប់អ្នកដំណើរ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្កើតក្រុមការងារអន្តរក្រសួងមួយក្នុងគោលដៅដោះស្រាយ បញ្ចុះតម្លៃសំបុត្រយន្តហោះ។ ក្រុមអ្នកជំនាញរំពឹងថា តម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងថយចុះប្រមាណ១០ភាគរយ នៅត្រឹមខែតុលាខាងមុខ។
ក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
កន្លងមក សមាគមក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី (INACA) បានវាយតម្លៃថា អាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសកំពុងជាប់គាំង និងបង្កការខាតបង់។ ជាក់ស្ដែង ថ្វីបើសំបុត្រយន្តហោះមានតម្លៃខ្ពស់ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករកប្រាក់ចំណេញមិនបានច្រើនទេ។
លោក Denon Prawiraatmadja ប្រធានសមាគម INACA បានលើកឡើងថា “ក្រុមហ៊ុនអាកាសចរណ៍ កំពុងប្រឈមនឹងការខាតបង់ ដោយសារតែការចំណាយថ្លៃដើមខ្ពស់។ ការណ៍នេះ បានជំរុញឱ្យក្រុមហ៊ុននានា ដំឡើងតម្លៃសំបុត្រយន្តហោះ”។
លោក Sandiaga បានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះនឹងត្រូវបានលើកមកសិក្សា ដើម្បីធានាថា ឧស្សាហកម្មអាកា សចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី អាចដំណើរការប្រកប ដោយប្រសិទ្ធភាព ដូចគ្នានឹងបណ្តាប្រទេសដទៃទៀត។
លោក Alvin Lie អ្នកសង្កេតការណ៍អាកាសចរណ៍ បានចង្អុលបង្ហាញថា បន្ទុកពន្ធខ្ពស់ពីរដ្ឋាភិបាល និងអាកាសយានដ្ឋាន ជាកត្តាចម្បងដែលរួមចំណែក ដល់ការហក់ឡើងតម្លៃសំបុ ត្រយន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមលោក Alvin បានឱ្យដឹងថា តម្លៃសំបុត្រយន្ដហោះសម្រាប់អ្នកដំណើរ បានបូករួមបញ្ចូលទាំងថ្លៃប្រតិបត្តិការ និងការថែទាំអាកាសយានដ្ឋាន ក៏ដូចជាថ្លៃសេវាព្រលានយន្តហោះផងដែរ។ នេះជាហេតុធ្វើឱ្យតម្លៃសំបុត្រ កើនឡើងខ្ពស់។
លោក Alvin បានកត់សម្គាល់បន្ថែមទៀតថា តម្លៃសំបុត្រយន្តហោះ ក៏រួមបញ្ចូលអាករលើតម្លៃបន្ថែម ចំនួន១១ភាគរយផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបង់ពន្ធទាំងនេះនៅពេលទិញប្រេងឥន្ធនៈ ហើយក៏បង់ពន្ធលើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់។ នេះជាលទ្ធផល នាំឱ្យមានការយកពន្ធត្រួតគ្នាទ្វេរដង ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះ ហក់ឡើងខ្ពស់៕
ប្រភព: Vnexpress