អូស្ត្រាលីអនុម័តគម្រោងថាមពលអគ្គិសនីតម្លៃ១៣ពាន់លានដុល្លារតាមខ្សែកាបក្រោមសមុទ្រទៅកាន់សិង្ហបុរី
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានអនុម័តគម្រោងតម្លៃ១៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីនាំចេញថាមពលសូឡាពីរោងចក្រនៅភាគខាងជើង របស់ប្រទេសអូស្ត្រាលីទៅកាន់ប្រទេសសិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រ ប្រវែង៤.៣០០គីឡូម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកស្រី Tanya Plibersek មានប្រសាសន៍ឱ្យដឹងថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី -អាស៊ី របស់ក្រុមហ៊ុនSun Cable នឹងជួយបំពេញកំណើនតម្រូវការ ថាមពលកកើតឡើងវិញ នៅក្នុងស្រុក និងក្រៅប្រទេស។
តាមរយៈគម្រោង តភ្ជាប់ថាមពលអូស្ត្រាលី-អាស៊ី ក្រុមហ៊ុន Sun Cable មានគោលបំណង ចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Strait Times។
លោកស្រី Plibersek បានបញ្ជាក់ថា ការអនុម័តនេះភ្ជាប់មកជាមួយលក្ខខណ្ឌដ៏តឹងរ៉ឹង ដើម្បីការពារធម្មជាតិ ហើយគម្រោងទំហំ១២.០០០ហិកតា ត្រូវតែបញ្ចៀសការសាងសង់លើជម្រករបស់សត្វជិតផុតពូជ។
តាមរយៈការអភិវឌ្ឍន៍ចំនួន២ដំណាក់កាល គម្រោងនេះមានគោលដៅ ផ្តល់ថាមពលអគ្គិសនី៤ជីហ្គាវ៉ាត់ ដល់បណ្តាក្រុមហ៊ុនឧស្សាហកម្ម ខ្នាតធំនៅទីក្រុង Darwin។ ក្រុមហ៊ុន Sun Cable គ្រោងបញ្ជូនថាមពល២ជីហ្គាវ៉ាត់បន្ថែមទៀត ទៅកាន់សិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រ។ ការណ៍នេះនឹងផ្គត់ផ្គង់ចំណែក១៥% នៃតម្រូវការអគ្គិសនីសរុបរបស់សិង្ហបុរី។
ការអនុម័តនេះកើតឡើង ស្របពេលរដ្ឋាភិបាលអូស្ត្រាលីកំពុងបង្កើនការវិនិយោគ លើគម្រោងថាមពលកកើតឡើងវិញ ទោះបីជាសម្ព័ន្ធក្រុមគណបក្សប្រឆាំង ស្នើឱ្យសាងសង់រោងចក្រនុយក្លេអ៊ែរ ដើម្បីជំនួសថាមពល ប្រើដោយធ្យូងថ្មនៅឆ្នាំ២០៥០យ៉ាងណាក្តី។
លោក Cameron Garnsworthy នាយកគ្រប់គ្រងក្រុមហ៊ុន Sun Cable បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពេលនេះ ក្រុមហ៊ុន Sun Cable នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើដំណាក់កាលបន្ទាប់ នៃការរៀបចំផែនការ ដើម្បីជំរុញគម្រោងឆ្ពោះទៅ រកការសម្រេចចិត្តវិនិយោគ នៅឆ្នាំ២០២៧ ស្របតាមគោលដៅ”។
ក្រុមហ៊ុន Sun Cable បានគូសបញ្ជាក់ថា “ខ្លួនបានពិភាក្សាជាមួយក្រុមនិយតករថាមពល របស់ប្រទេសសិង្ហបុរីលើការដាក់លក្ខខណ្ឌ មុនឈានទៅសាងសង់ ខ្សែកាបក្រោមសមុទ្រ និងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី លើការកសាងខ្សែកាបឆ្លងកាត់ដែនទឹករបស់ឥណ្ឌូនេស៊ី៕ប្រភព: Reuters៕