តើអ្នកជំនាញមើលឃើញទីផ្សារអចលនទ្រព្យនៅតំបន់នៃCLVភូមិភាគឦសាន្តមានសភាពបែបណា?

ចែករំលែក

តើអ្នកជំនាញមើលឃើញទីផ្សារអចលនទ្រព្យនៅតំបន់នៃCLVភូមិភាគឦសាន្តមានសភាពបែបណា?

​ដោយៈ ស៊ីវ ម៉េង

​ឦសាន្តៈ ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជារាប់សែនាក់ បានចូលរួមបរិច្ចាកថវិកាដោយស្ម័គ្រចិត្តដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់​CLV ដែលភាគីកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងខេត្តមណ្ឌលគិរី។

​ងាកចេញពីបញ្ហានយោបាយ យើងទៅមើលស្ថានភាពទីផ្សារអចលនវត្ថុ នៅតំបន់នោះជំនួសវិញ តើអ្នកជំនាញយល់ឃើញបែបណា?។

​អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance លោកប៉ូ អ៊ាវ​គង់ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីថ្ងៃទី២ សីហាថា នៅតំបន់ភូមិភាគឦសាន្ត អ្វីដែលជាចលករ គឺទើបកើតមានថ្មីៗ ដែលយើងមិនទាន់ឃើញ មានចំណា​ប់អា  រ​ម្មណ៍ពីអ្នកវិនិយោគក្នុង និងក្រៅស្រុក ចាប់អារ្មណ៍ច្រើននៅឡើយទេ។

លោកបន្តថា “តាមរយៈការចុះវាយតម្លៃថ្មីៗនេះរបស់ខ្ញុំ គឺឃើញមានចលនាដាក់លក់ចេញច្រើន និងចរន្តភ្ញៀវទេសច​រណ៍ទៅកាន់តំបន់នេះ ក៏មិនទា​ន់កើនឡើងផងដែរ”។ លោកបន្ថែ​មថា “ការដែលរដ្ឋាភិបាល លើកទឹកចិត្តឲ្យមានការ​បរិច្ចាក ថវិកាដោយស្ម័គ្រចិត្តនេះ យើងក៏ឃើញមានការចូលរួមចំណែ​កពីប្រជាពលរដ្ឋ តែហាក់មិនទាន់មានបរិមាណទឹកប្រាក់ច្រើននៅឡើយ”។

លោកប៉ូ អ៊ាវគង់បានបន្តថា យើងសង្ឃឹមថាការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែន នឹងមានប្រជាពល​រដ្ឋ​ចូលរួមកាន់តែច្រើន ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកានេះមានប្រសិទ្ឋភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ នៅប៉ែកឦសាន្ត ដែលអាចជួយជម្រុញការវិនិយោគ និងការអភិ​វឌ្ឍវិស័យទេសចរណ៍ផ្សេងៗផងដែរ។

​ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន រៀលធីគ្រុបបានមានប្រសាសន៍ថា មុនពេលលេចឡើងនូវបញ្ហាតំបន់CLVរដ្ឋាភិបាលបានដាក់ចេញ គោលនយោ​បា​យ ជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចាប់អារម្ម​ណ៍​ និងមានការទាក់ទាញអ្នកវិនិយោគបណ្តើរៗហើយ។

​លោកបន្តថា កាលពីថ្មីៗនេះ មានក្រុមហ៊ុនចិនមួយចំនួនបានចូលទៅសាងសង់អាគារច្រើន នៅខេត្តមណ្ឌលគិរី និងមានអ្នកចាប់អារម្មណ៍ វិនិយោគបណ្តើរៗផងដែរ ហើយក្រុមហ៊ុនចិនមួយចំនួន បានទៅពីខេត្តព្រះសីហនុ ដើម្បីសិក្សាពីទីផ្សារនៅខេត្តមណ្ឌលគិរីផងដែរ។

​លោកស៊ា ឆៃលីនបានបន្តថា “សម្រាប់តំបន់ភូមិភាគឦ​សាន្ត ខេត្តមណ្ឌលគិរីមានស្ថានភាព និងសក្តានុពលល្អ”។ លោកបន្ថែមថា “កាលពីសប្តាហ៍មុននេះ ខ្ញុំបានទៅកាន់ខេត្តនេះ និងឃើញមានការហូរចូលរបស់អ្នកវិនិយោគចិន ទៅកាន់តំបន់នោះពិតប្រាកដមែន”។

​ចំណែកលោកសិរីវុឌ្ឍី ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌ​ល​គិរី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតជាមានលំហូរវិនិយោគចិន វៀតណាម ចូលទៅសាងសង់កាស៊ីណូ នៅតំបន់ដាក់ដាំ នៅចំណុចគីឡូម៉ែត្រទី១៥ និងគីឡូម៉ែត្រទី១៦ បើគិតពីរង្វង់មូលគោព្រៃ។

​លោកបន្តថា “មានប្រជាពលរដ្ឋ ​និងអ្នកវិនិយោគមួយចំនួ​ន បានចូលទៅកាន់ខេត្តច្រើន ប៉ុន្តែខ្ញុំមិនទាន់មានឱកាសជួបប្រាស្រ័យពួកគេនៅឡើយ”។ លោកបន្ថែមថា “តាមខ្ញុំដឹង កាស៊ីណូធំ ​នៅតំបន់ដាក់ដាំ ក្នុងស្រុកអូររាំង ប្រកាសនឹងបើកសម្ភោធនៅពាក់កណ្តាលខែកញ្ញានេះ”។

​លោកសិរីវុឌ្ឍីបានបន្តថា តំបន់កាស៊ីណូបច្ចុប្បន្ន មានចំនួ​នបីកន្លែង ដែលជាការវិនិយោគ របស់អ្នកវិនិយោគចិន និងវៀតណាម។

​យោងតាមផែនការមេ របស់ក្រសួងទេសចរណ៍ឆ្នាំ២០២៣ ២០៣៥បានឲ្យដឹងថា រដ្ឋាភិបាលមានផែនការ កសាងផ្លូវល្បឿ​នលឿនភ្នំពេញ មណ្ឌលគិរី កសាងព្រលានយន្តហោះ កសាងទីក្រុងរណប ជាមួយផែនការទាក់ទាញ ភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន៤លាននាក់ និងភ្ញៀវអន្តរជាតិ៩០ម៉ឺននាក់ទៅទស្សនាខេត្តមណ្ឌលគិរីក្នុងមួយឆ្នាំ។

​អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងខែសីហា ដោយមិនចង់អត្ថាធិប្បា​យឡើយ តែបានបញ្ជាក់ថា ស្ថានភាពនៃការឈានទៅកសាងព្រលានយន្តហោះ ខេត្តមណ្ឌលគិរី ស្ថិតនៅរយៈពេលវែងឆ្ងាយតទៅទៀត៕


ចែករំលែក