ដោយ: គង់ លាងហួរ
បាងកក: យោងតាមសារពត៌មាន Bangkok Post បានចុះផ្សាយថា ក្រុមហ៊ុនចំណីអាហារ Thai President Foods ជាក្រុមហ៊ុនផលិតមីកញ្ចប់ Mama បានប៉ាន់ប្រមាណថា ទីផ្សារមីកញ្ចប់នឹងបន្តកើនឡើងនៅឆ្នាំនេះ និងគ្រោងពង្រីករោងចក្រនៅបរទេស។
លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួន នៅប្រទេសហុងគ្រី និងកម្ពុជា។ ទោះជាយ៉ាងណា លោកពុំបានបង្ហើបអំពីទំហំទុនវិនិយោគ ឬពេលវេលាជាក់លាក់នៃការពង្រីកនោះទេ។
លោកបានបន្តថា ទីផ្សារមីកញ្ចប់របស់ប្រទេសថៃ បានកើនឡើងចន្លោះពី៨ទៅ៩ភាគរយ នៅក្នុងឆមាសទីមួយឆ្នាំនេះ ហើយក្រុមហ៊ុនបានព្យាករណ៍ អត្រាកំណើនដូចគ្នានេះសម្រាប់ពេញមួយឆ្នាំ២០២៤។
លោក Pun បានបញ្ជាក់ថា “ក្រុមហ៊ុនចំណីអាហារ Thai President Foods រំពឹងថា កំណើននៃការលក់មីកញ្ចប់របស់យើងនឹងសម្រេចបានអត្រាខ្ពស់ ជាងកំណើននៃការលក់នៅលើទីផ្សាររួមបន្តិច”។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏ជឿជាក់ថា ផ្នែកមីកញ្ចប់ពិសេសដូចជាប្រភេទមី Ok Mama មានសក្តានុពលខ្ពស់ ក្នុងការលក់ដាច់ច្រើនជាងផលិតផលមីធម្មតារបស់ខ្លួន។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃបានឱ្យដឹងថា អំណាចនៃការទិញរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសថៃកំពុងធ្លាក់ចុះ ខណៈសមាមាត្របំណុលគ្រួសារបានកើនឡើង ដល់៩០,៨%នៃទំហំផលទុនជាតិសរុប (GDP) នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤។
លោក Pun បានបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការជំរុញថ្មីណាមួយ របស់រដ្ឋាភិបាល នឹងអាចធ្វើឱ្យប្រសើរឡើងនូវអំណាច នៃការទិញរបស់អ្នកប្រើប្រាស់។ ប៉ុន្តែការណ៍នេះនឹងមិនជះឥទ្ធិពលខ្លាំង លើការលក់របស់ក្រុមហ៊ុននោះទេ៕ប្រភព: Bangkok Post៕