ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់វៀតណាមបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដើម្បីដោះស្រាយរាល់ឧបសគ្គ និងរបាំងពាណិជ្ជកម្ម ព្រមទាំងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម ជាពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី១៦ (CLMV-EMM 16) នៅទីក្រុងវៀងចន្ទន៍ លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង៤ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ស្របពេលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកកំពុងបន្តជួបប្រទះបញ្ហាប្រឈម។
លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំង៤ នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការអភិវឌ្ឍន៍ និងការដឹកជញ្ជូនថាមពល។
-->
លោកក៏បានស្នើដល់ភាគីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឱ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្តាអ្នកវិនិយោគវៀតណាម ដើម្បីអនុវត្តន៍គម្រោងវិនិយោគ និងអាជីវកម្មនៅក្នុងប្រទេសជិតខាងទាំង៣។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍កាន់តែស្មុគស្មាញក្នុងតំបន់ និងពិភពលោក បណ្តាប្រទេស CLMV ត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី១៦ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់បណ្តាប្រទេស CLMV សំដៅប្រែក្លាយតំបន់នេះទៅជាតំបន់ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់តំបន់អាស៊ាននៅឆ្នាំ២០៤៥។
ទោះបីជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី បណ្តាប្រទេស CLMV នៅតែបន្តរក្សាបានកំណើនសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង៤សម្រេចបានទឹកប្រាក់ចំនួន ៧៦៧,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ឬស្មើនឹងចំណែក២១,៦% នៃទំហំពាណិជ្ជកម្មសរុបរបស់តំបន់អាស៊ានទាំងមូល៕ប្រភព: Vietnam Plus៕
