ដោយ: គង់ លាងហួរ
អន្តរជាតិ: មិនខុសអ្វីពីទីក្រុងធំៗនៅលើពិភពលោក ទីក្រុងមួយចំនួននៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមានជម្រើសមធ្យោបាយធ្វើដំណើរល្អបំផុត រួមទាំងរថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងរថភ្លើងក្រុងទំនើប។
បណ្តាញដឹកជញ្ជូនរបស់ប្រទេសទាំងនោះក៏ត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងល្អប្រសើរផងដែរ។ នេះមានន័យថា អ្នកដំណើរមានភាពងាយស្រួល និងមានជម្រើសជាច្រើនក្នុងការធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ។
ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៣ នៅតំបន់អាសុី ដែលមានប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងល្អបំផុត៖
-->
ទី១: ប្រទេសជប៉ុន
ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ប្រទេសជប៉ុនមានភាពល្បីល្បាញ ដោយសារការគោរពពេលវេលា ល្បឿន និងអនាម័យ។ ក្នុងអំឡុងពេលធ្វើដំណើរនៅប្រទេសជប៉ុន លោកអ្នកច្បាស់ជាប្រទះឃើញរថភ្លើងប្រភេទ Shinkansen ធ្វើដំណើរក្នុងល្បឿនដ៏លឿន។
រថភ្លើងល្បឿនលឿនទាំងនេះនឹងអាចនាំលោកអ្នកទៅទស្សនាទីក្រុងធំៗដូចជា ទីក្រុងតូក្យូ ទីក្រុងអូសាកា និងទីក្រុងក្យូតូ ក្នុងរយៈពេលដ៏ខ្លី។
ម្យ៉ាងវិញទៀត ប្រព័ន្ធរថភ្លើងក្រោមដីរបស់ជប៉ុន មានវិសាលភាពធំទូលាយណាស់ និងគួរឱ្យទុកចិត្តបំផុត ដោយសារការថែទាំបានយ៉ាងដិតដល់ ហើយប្រសិនបើលោកអ្នកមានគម្រោងចុះស្វែងយល់អំពីការរស់នៅតំបន់ជនបទ លោកអ្នកអាចស្វែងរករថយន្តក្រុង និងតាក់ស៊ីបានយ៉ាងងាយស្រួលចេញពីទីក្រុង។
ទី២: ប្រទេសសិង្ហបុរី
ប្រព័ន្ធដឹកជញ្ជូនរហ័សរបស់សិង្ហបុរី (MRT) ជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏គួរឱ្យទុកចិត្តបំផុតមួយនៅតំបន់អាស៊ី។ ប្រព័ន្ធ MRT គ្របដណ្តប់លើការធ្វើដំណើរទូទាំងទីក្រុងសិង្ហបុរីទាំងមូលប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ។
បណ្តាញខ្សែរថភ្លើងស្ថិតក្រោមប្រព័ន្ធដឹកជញ្ជូនរហ័សរបស់សិង្ហបុរី មានល្បឿនលឿន និងអាចធ្វើដំណើរទាន់ពេលវេលា ហើយលោកអ្នកក៏អាចបន្តជិះរថយន្តក្រុងបាន ក្នុងករណីលោកអ្នកត្រូវធ្វើដំណើរទៅកាន់គោលដៅដែលរថភ្លើងរបស់ប្រព័ន្ធ MRT មិនអាចទៅដល់។
ទី៣: ទីក្រុងហុងកុង
តំបន់រដ្ឋបាលពិសេសហុងកុងមានប្រព័ន្ធរថភ្លើងក្នុងទីក្រុងដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ប្រព័ន្ធរថភ្លើងរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះគ្របដណ្តប់គោលដៅជាច្រើននៅក្នុងទីក្រុង ក៏ដូចជាផ្លូវទៅកាន់តំបន់ចិនដីគោកផងដែរ។
ប្រសិនលោកអ្នកមានបំណងធ្វើដំណើរកំសាន្តមើលទេសភាពជុំវិញទីក្រុង លោកអ្នកមានជម្រើសមធ្យោបាយជាច្រើនដូចជា រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ធំៗដែលមានកំពស់២ជាន់ រថយន្ដក្រុងខ្នាតតូច និងរថភ្លើងប្រភេទ Ding-dings៕ប្រភព: Times of India៕
