ម៉ាឡេសុីគ្រោងស្វែងរកមូលនិធិពីក្រុមហ៊ុនរដ្ឋចិន ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនទៅកាន់សិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះមហាក្សត្រម៉ាឡេស៊ីព្រះនាម Sultan Ibrahim Iskandar គ្រោងនឹងស្វែងរកមូលនិធិពីក្រុមអ្នកវិនិយោគចិនដើម្បីស្ថាបនាគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។នេះបើយោងតាមសារពត៌មាន BLOOMBERG។

យោងតាមប្រភពសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ព្រោះ​ព័ត៌មាន​នេះជា​ព័ត៌មាន​ឯកជនបានទម្លាយឱ្យដឹងថា ព្រះចៅ Sultan Ibrahim កំពុងស្វែងរកដើមទុនវិនិយោគពីក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនចំនួន១។

ពត៌មានខាងលើត្រូវបានទម្លាយ បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេសុីបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃទី១៩ ខែកញ្ញា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន សុី ជីនពីង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។

គណៈប្រតិភូដឹកនាំដោយព្រះចៅ Sultan Ibrahim រួមមានតំណាងរបស់ក្រុមហ៊ុនសំណង់ YTL Corporation។ សារពត៌មាន The Edge Malaysia បានរាយការណ៍ថា ក្រុមហ៊ុននេះត្រូវបានជ្រើសរើសឱ្យទទួលភារកិច្ចសាងសង់គម្រោងគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។

ព្រះមហាក្សត្រម៉ាឡេស៊ីបានបង្ហាញការគាំទ្រជាយូរមកហើយចំពោះការតភ្ជាប់ផ្លូវដែកជាមួយសិង្ហបុរី ខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានប្រកាសថា មូលនិធិសម្រាប់សាងសង់គម្រោងនេះនឹងមិនត្រូវបានផ្តល់ដោយអ្នកបង់ពន្ធឡើយ។

ព្រះចៅ Sultan Ibrahim បានមានបន្ទូលប្រាប់កាសែត The Straits Times កាលពីខែធ្នូ ឆ្នាំ២០២៣ថា ក្រុមហ៊ុនឯកជនមួយអាចផ្តល់មូលនិធិ និងដំណើរការផ្លូវដែកនេះសម្រាប់រយៈពេល៣០ឆ្នាំ មុនពេលប្រគល់ត្រឡប់ទៅឱ្យរដ្ឋាភិបាលម៉ាឡេស៊ីគ្រប់គ្រងវិញ។

យ៉ាងណាមិញ ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី ក្រសួងការបរទេសចិន និងតំណាងរបស់ក្រុមហ៊ុន YTL Corporation មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយពីសំណាក់សារពត៌មាន BLOOMBERG នោះទេ។ ​

យោងតាមសេចក្តី​ថ្លែងការណ៍​មួយ​ចុះកាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​និមិត្តរូប​បង្ហាញពីសភាព​ដ៏រឹងមាំ​នៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here