ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិNextBold Capital កំពុងប្រមូលប្រភពទុនចំនួន១០០លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេស កម្ពុជា វៀតណាម និងឡាវ។
NextBold Capital បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនកំពុងបង្កើនមូលនិធិដំបូងរបស់ខ្លួន ដើម្បីវិនិយោគក្នុងសហគ្រាសធុនតូច និងមធ្យមនៅប្រទេស កម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។
-->
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យុទ្ធសាស្ត្ររបស់មូលនិធិនេះ គ្របដណ្តប់លើការកំណត់គោលដៅ សហគ្រាសធុនតូច និងមធ្យម នៅតាមទីក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលជាទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល វប្បធម៌សហគ្រិនដ៏រឹងមាំ និងការកើនឡើងនៃការវិនិយោគបរទេស។
មូលនិធិចំនួន១០០លានដុល្លារ របស់ក្រុមហ៊ុននឹងវិនិយោគលើវិស័យ ការអប់រំ ការថែទាំសុខភាព ទំនិញប្រើប្រាស់ និងសេវាកម្ម ដែលពួកគេមើលឃើញឱកាស សម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ច និងការបង្កើនតម្លៃបន្ថែម។
លោក Sjoerd Zwinkels សហនាយកគ្រប់គ្រងនៃ NextBold Capital បានថ្លែងថា “ទីផ្សារនៃប្រទេសទាំងនេះ នៅតែត្រូវបានវិនិយោគិនពិភពលោក មិនទាន់មានការចាប់អារម្មណ៍ខ្លាំងក្លានោះទេ ជាពិសេសទៅលើទំហំនៃសហគ្រាសធុនតូច និងមធ្យម”។លោកបន្តថា “យើងមើលឃើញសក្ដានុពលដ៏ធំសម្បើមសម្រាប់ការបង្កើនតម្លៃបន្ថែម ដោយការនាំយកនូវប្រភពទុន និងការគាំទ្រផ្នែកប្រតិបត្តិការ”។
សម្រាប់មូលនិធិ ១០០លានដុល្លារដំបូងរបស់ NextBold Capital ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញកំណើនសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះដែរ លោក Pedro Baliza ក៏សហដៃគូគ្រប់គ្រងបាននិយាយថា ការវិនិយោគដំបូងរបស់យើង គឺផ្តោតលើក្រុមហ៊ុន ដែលមានមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំ នៅក្នុងទីផ្សារ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលយើងមើលឃើញពីសក្តានុពលច្បាស់លាស់ សម្រាប់ការគ្រប់គ្រងវិស័យជាមួយនឹងការគាំទ្រប្រតិបត្តិការដ៏ត្រឹមត្រូវ។
លោកបានបន្ថែមថា “យើងកំពុងមើលឃើញពីសន្ទុះដ៏អស្ចារ្យពីកំណើន នៃអាជីវកម្មលក្ខណៈគ្រួសារ និងសហវិនិយោគិនផ្សេងទៀត ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការទាញយកប្រយោជន៍ ពីឱកាសរីកចម្រើនដ៏ធំធេងនាពេលខាងមុខ”៕
