សេដ្ឋវិទូ: កម្ពុជាគួរតែធ្វើពិពិធកម្មទីផ្សារនាំចេញបន្ទះសូឡាទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ភាព​តានតឹង​ផ្នែកពាណិជ្ជកម្ម ​រវាង​សហរដ្ឋអាមេរិកអាមេរិក និង​ប្រទេសចិន ​បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំងមកលើ​​សេដ្ឋកិច្ច​ក្នុង​តំបន់អាស៊ី ដោយរួមមានទាំងកម្ពុជាផងដែរ។នេះបើយោងតាមកាសែត South China Morning Post។

អស់ជាច្រើនទសវត្សរ៍មកហើយ ដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានជំរុញដោយការនាំចេញ សម្លៀកបំពាក់ និងភ្ញៀវទេសចរណ៍។  ទោះជាយ៉ាងណា ការកើនឡើងយ៉ាងគំហុក នៃការផលិតឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ជាពិសេសបន្ទះស្រូបពន្លឺព្រះអាទិត្យបានលេចចេញមក។

នៅឆ្នាំ២០២២ ការនាំចេញបន្ទះ ស្រូបពន្លឺព្រះអាទិត្យរបស់កម្ពុជាបានកើនឡើងជិត៣ដង ដល់ទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក លើសពីការនាំចូលឆ្ងាយណាស់ ហើ​យនិន្នាការនេះ បានបន្តកើតមានដល់ឆ្នាំ២០២៣។

ការកើនឡើងនេះបណ្តាលមកពី ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២២ សំដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីប្រទេសចិន និងលើកលែងពន្ធជាបណ្តោះអាសន្ន លើការនាំចូលបន្ទះ ស្រូបថាមពលពន្លឺព្រះអាទិ​ត្យពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។

ទោះជាយ៉ាងណា ឧស្សាហកម្មនេះ កំពុងប្រឈមមុខនឹងបញ្ហា ខណៈការនាំចេញបន្ទះ ស្រូបពន្លឺព្រះអាទិត្យទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធចាប់ពី៥០ភាគរយ ទៅ២៥០ភាគរយ បន្ទាប់ពីការលើកលែងពន្ធ របស់សហរដ្ឋអាមេរិកបានផុតកំណត់នៅក្នុងខែមិថុនាឆ្នាំនេះ។

ការ​នាំ​ចេញ​បន្ទះសូឡារបស់​កម្ពុជា ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុ​កនៅ​ដើម​ឆ្នាំ​២០២៤នេះ ស្រដៀងគ្នានឹង​ការ​ធ្លាក់​ចុះ​ក្នុង​ប្រទេ​ស​ម៉ាឡេស៊ី ថៃ និង​វៀតណាម។ ឧស្សាហកម្មបន្ទះសូឡាក្នុងស្រុករបស់កម្ពុជា ក៏កំពុងជួបប្រទះការលំបាក ដោយសារបញ្ហានៃការផ្គត់ផ្គង់អគ្គិសនី និងការដឹកជញ្ជូនមានតម្លៃខ្ពស់។

បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់កម្ពុជា មានតម្លៃខ្ពស់ជាងបណ្តាប្រទេសចំនួន៣ផ្សេងទៀត។ ការណ៍នេះបង្ហាញពីតម្រូវការ ក្នុងការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការចំណាយ និងរក្សាការប្រកួតប្រជែង។

លោកស្រី Chunyu Yang សេដ្ឋវិទូនៅការិយាល័យស្រាវ​ជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានលើកឡើងថា នាពេលអនាគត កម្ពុជាគួរតែធ្វើពិពិធកម្ម ទីផ្សារនាំចេញរបស់ខ្លួនពីសហរដ្ឋអាមេរិក ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក ខណៈតំបន់ទាំង២នេះកំពុ​ងផ្លាស់ប្តូរ ទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។

សេដ្ឋវិទូរូបនេះបញ្ជាក់បន្ថែមថា ដោយសារតែតម្លៃពលកម្មទាប ការប្រើប្រាស់ប្រាក់ដុល្លារច្រើន កង្វះនៃការគ្រប់គ្រងដើមទុនដ៏តឹងរ៉ឹង និងការលើកទឹកចិត្តក្នុងការវិនិយោគ កម្ពុជានៅតែមានភាពទាក់ទាញ ចំពោះក្រុមហ៊ុននានា ដែលនៅតែបន្តអនុវត្តន៍យុទ្ធសាស្រ្ត “ចិនបូកមួយ”។

ការណ៍នេះ នឹងជំរុញឱ្យមានការរីកចម្រើន បន្ថែមទៀតនៅក្នុងឧស្សាហកម្ម បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់កម្ពុជា៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here